ប៉ូលីស បែលហ្សិក បាញ់ទឹកបំបែកហ្វូងបាតុករ ដែលប្រឆាំងនឹងការគ្រប់គ្រងដ៏តឹងរ៉ឹងនៃជំងឺកូវីដ-១៩

ប៉ូលីសនៅទីក្រុង ប្រ៊ុចសែល ប្រទេស បែលហ្សិក បានបាញ់ទឹក និងប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ដែលបានរួមគ្នាតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ រួមទាំងវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគបំប្លែងថ្មី អូមីក្រុង ។

ប៉ូលីសបាននិយាយថា ហ្វូងបាតុករនៅទីក្រុង ប្រ៊ូសែល មានច្រើនជាង 50,000 នាក់ បានធ្វើដំណើរមកពី បារាំង អាល្លឺម៉ង់ និងប្រទេសដទៃទៀត ដើម្បីចូលរួមការតវ៉ានេះ ក្រុមអ្នកតវ៉ាបានស្រែកទាមទារសេរីភាពពេលដើរក្បួន។

មានព័ត៌មានមកថា ក្រុមបាតុកម្មទាមទារបានឈានដល់ប្រើអំពើហិង្សាជាមួយប៉ូលីស និងមានការផ្សព្វផ្សាយជាវីដេអូក្រុមបាតុករស្លៀកពាក់ឈុតខ្មៅបានធ្វើការវាយប្រហារទៅលើអាគារតំណាងស្ថានទូត ហសភាពអឺរ៉ុប រួមទាំងគប់របស់ និងការវាយបំបែកកញ្ចក់អាគារ។
ប៉ូលីសបង្ក្រាបបាតុកម្មបានចូលទៅចាប់ខ្លួនបាតុករ និងការបាញ់ទឹក ប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុកម្ម ស្រប់ពេលមេដឹកនាំហ្វូងបាតុករបានស្រែកប្រកាស «សម្រុកទៅមុខ កុំបណ្តោយឲ្យគេដណ្តើមសិទ្ធិរបស់យើងទៅ» បាតុករនៅតែបន្តហឹង្សាជាមួយប៉ូលីសជាបន្តបន្ទាប់។

ទីបំផុតប៉ូលីសបានរាយការណ៍ថា ចាប់បានក្រុមបាតុករជាង ៧០នាក់ ស្របពេលប៉ូលីស ៣នាក់ និងបាតុករ ១២នាក់ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ។

បាតុកម្មតវ៉ានេះ ដូចគ្នាបានកើតឡើងនៅក្នុងប្រទេស អេស្ប៉ាញ អង់គ្លេស ស៊ុយអែត ហ្វាំងឡង់ ក្រិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនកាលពីចុងសប្តាហ៍កន្លងទៅនេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២