សម្តេចតេជោ ហ៊ុន សែន៖ ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ជប៉ុនបានឡើយ

(តូក្យូ, ជប៉ុន)៖ នៅចំពោះមុខអ្នកវិនិយោគជប៉ុនប្រមាណជា ៣០០នាក់ ក្នុងសិក្ខាសាលាស្តីពី «ការវិនិយោគនៅកម្ពុជា» នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នាទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ភាពរីកចម្រើនរបស់ប្រទេសកម្ពុជាទាំងពេលកន្លងទៅ និងពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ជប៉ុនបាននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា រយៈពេលប្រមាណ២៦ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៨កន្លងទៅនេះ ជប៉ុន បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការប្រមាណ ២.៨ពាន់លានដុល្លារ ស្មើនឹងប្រមាណ ១៥% នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

«ខ្ញុំសូមសម្តែងនូវការដឹងគុណ និងការវាយតម្លៃខ្ពស់ជាថ្មីម្តងទៀតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានឱ្យដែរថា ក្រៅពីការផ្តល់ហិរញ្ញសហប្រតិបត្តិការហើយ ជប៉ុនបាននិងកំពុងគាំទ្រលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ការកសាងស្ពានគីហ្សូណា, ស្ពានត្សឺបាសា, ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥, ការអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មីកំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងការធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់រាជធានីភ្នំពេញជំហានទី៤។

ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥ បាននឹងធ្វើឱ្យផ្លូវទាំងនេះក្លាយជាផ្លូវយុទ្ធសាស្រ្តដ៏មានសារៈសំខាន់នៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងតភ្ជាប់ប៉ូលសេដ្ឋកិច្ចធំពីរនៃមហាអនុតំបន់មេគង្គ គឺរវាងទីក្រុងហូជីមិញ និងទីក្រុងបាងកក។ រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងក្លាយជាទីក្រុងប្រមូលផ្តុំកណ្តាលដ៏សំខាន់ស្ថិតនៅតាមបណ្ដោយរបៀងសេដ្ឋកិច្ចនេះ ហើយនឹងកាន់តែជំរុញឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុន ជប៉ុនទាំងធំ ទាំងតូច មកបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកនូវផលប្រយោជន៍ជាអតិបរមាពីយុទ្ធសាស្រ្តថៃ+១ និងវៀតណាម+១។

សម្តេចតេជោ បានបន្តរំលេចពីការដើរតួនាទីដ៏សំខាន់របស់ស្ពានស្ពានគីហ្សូណា និងស្ពានត្សឺបាសា ដែលជាជំនួយរបស់ជប៉ុនទៀតថា ស្ពានដ៏វែងជាងគេឆ្លងកាត់ទន្លេមេគង្គកម្ពុជានេះ មិនត្រឹមតែបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម-ឡាវប៉ុណ្ណោះទេ តែក៏បានក្លាយជាទីកន្លែងទេសចរណ៍សម្រាប់ប្រជាជនកម្ពុជាប្រកប ដោយភាពទាក់ទាញផងដែរ។ លើសពីនេះ រូបស្ពានទាំងពីរត្រូវបានបោះពុម្ពនៅលើក្រដាសប្រាក់ ៥០០រៀលថ្មី ដែលនេះ ជាករណីដ៏កម្របំផុតដែលទង់ជាតិនៃប្រទេសមួយបានផុសឡើងនៅលើក្រដាសប្រាក់នៃប្រទេសមួយទៀត។ នេះសបញ្ជាក់ពីសក្ខីភាពយ៉ាងប្រត្យ័ក្សនៃទំនាក់ទំនងទ្វេភាគីដ៏ជ្រាលជ្រៅរវាងប្រទេសយើងទាំងពីរ។

លើសពីនេះទៅទៀត ការផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការលើគម្រោងអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទំហំហិរញ្ញប្បទានរហូតដល់ប្រមាណជា ២៣ពាន់លានយ៉េន នឹងជួយប្រែក្លាយកម្ពុជាទៅជាកន្លែងប្រមូលផ្តុំទំនិញឆ្លងកាត់នៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើនសមត្ថភាពគ្រប់គ្រងទំនិញបានដល់ ៩០ម៉ឺនកុងតឺន័រប្រភេទ ២០ហ្វីត (TEUs) ក្នុងមួយឆ្នាំ ដែលមានសមត្ថភាពបន្ថែមលើសពីពេលបច្ចុប្បន្ន ២ដង។ គម្រោងនេះនឹងអាចឱ្យនាវាដឹកទំនិញខ្នាតធំ ដែលជាចរន្តនៃការដឹកជញ្ជូនទំនិញក្នុង
សមុទ្រអន្តរជាតិ ចូលមកលើកដាក់ទំនិញផ្ទាល់ដល់កំពង់ផែក្រុងព្រះសីហនុ ដែលនឹងចូលរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញអន្តរជាតិនាពេលអនាគត។

បន្ថែមពីនេះ ការទិញភាគហ៊ុនជាយុទ្ធសាស្រ្តរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុពីសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាន់តែបញ្ជាក់ពីជំនឿទុកចិត្តរបស់រដ្ឋាភិបាលជប៉ុនមកលើអនាគតកំពង់ផែ ក៏ដូចជាអនាគតកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុននេះ នៅថ្ងៃទី៣០ ខែឧសភា សម្តេចតេជោ និងលោក អាបេ ស៊ីនហ្សូ នឹងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងផ្តល់អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងទំហំទឹកប្រាក់ ៣៣៩លានយ៉េន និងគម្រោងសង់ឃ្លាំងកុងតឺន័រនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងទំហំទឹកប្រាក់ ២០០លានយ៉េន។

តាមរយៈលិខិតប្តូរសារទាំងពីរ គឺបានបង្ហាញពីជំហរដ៏មុតមាំរបស់រដ្ឋាភិបាលជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែប្រសើរថែមទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស