ក្រសួងព័ត៌មានប្រកាសឲ្យចាក់ផ្សាយបទចំរៀង “ភ្ជុំបិណ្ឌនឹកស្រុក” របស់ផលិកម្មថោនឡើងវិញ

(ភ្នំពេញ) ៖  ក្រសួងព័ត៌មាន​ប្រកាសជាថ្មី ឲ្យចាក់ផ្សាយបទចំរៀង​ “ភ្ជុំបិណ្ឌនឹកស្រុក” ជាបទចម្រៀង របស់ផលិកម្ម ថោន ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យផ្សព្វផ្សាយឡើងវិញ ក្រោយពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសហាមមិនឲ្យផ្សព្វផ្សាយកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា រដ្ឋមន្ត្រីស្តីទី ក្រសួងព័ត៌មាន អនុញ្ញាតឲ្យស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាក់ផ្សាយឡើងវិញនូវបទចម្រៀងដែលមានចំណងជើងថា “ភ្ជុំបិណ្ឌនឹកស្រុក” ដែលច្រៀងដោយលោក ម៉ៅ ហាជី ប្រចាំផលិតកម្ម ថោន Vol ១២២ ។

លោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្តីទី ក្រសួងព័ត៌មាន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសថា ក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅខេត្ត ពោធិសាត់ បទចំរៀងរបស់ផលិតកម្ម ថោន ដែលក្រសួងការងារបានប្រកាសហាមមិនឲ្យចាក់ផ្សាយកាលពីឆ្នាំមុន អាចផ្សាយឡើងវិញបាន។

សូមរំលឹកថា ភ្លាមៗបន្ទាប់ពីទទួលបានអនុសាស្រ្តរបស់សម្ដេចតេជោ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន សំណើអនុញ្ញាតឲ្យចាក់ផ្សាយឡើងវិញនូវបទចម្រៀងភ្ជុំបិណ្ឌនឹកស្រុក របស់ផលិតកម្មថោន ដែលច្រៀងដោយលោកម៉ៅ ហាជី ។

បទចម្រៀង “ភ្ជុំបិណ្ឌនឹកស្រុក” និពន្ធដោយលោក ងួន សុបិន្ត ច្រៀងដោយលោក ម៉ៅ ហាជី ប្រចាំផលិតកម្ម ថោន ត្រូវបានរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវះ ចេញសេចក្តីប្រកាសជូនដល់ក្រសួងពាក់ព័ន្ធឲ្យជួយផ្សព្វផ្សាយបន្តពីការអនុញ្ញាតឲ្យស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាក់ផ្សាយបទចម្រៀង “ភ្ជុំបិណ្ឌនឹកស្រុក” ឡើងវិញ នេះបើយោងតាមការចុះផ្សាយលិខិតលេខ៤៣៣/១៩កប.ខ.ល ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវះ។

សូមជម្រាបថាកាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញលិខិតស្នើសុំក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយ លើបទចម្រៀង « ភ្ជុំបិណ្ឌនឹកស្រុក » ច្រៀងដោយលោក ម៉ៅ ហាជី ប្រចាំផលិតកម្ម ថោន ជាហេតុផល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកឡើងថា អត្ថន័យ និងឃ្លាមួយចំនួនធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ និងផ្ដល់កិច្ចគាំពារដល់កម្មករ និយោជិត ត្រង់ឃ្លា «កម្មករនិយោជិក មិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឲ្យកម្មករ និយោជិត មិនបានទៅស្រុកកំណើតទៅលេងម៉ែពុក បានត្រឹមតែស្រក់ទឹកភ្នែក ហើយបានទូរសព្ទប្រាប់ម៉ែពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត»៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News