ក្រសួងសុខាភិបាលត្រៀមវិធានការច្បាប់ប្តឹងអ្នកប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់កែប្រែចុងក្រោយនៅថ្ងៃនេះ

(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រៀមវិធានការច្បាប់ប្តឹងអ្នកប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការត្រៀមចាត់វិធានការនេះ ធ្វើឡើងតាមរយៈលិខិតចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ដើម្បីឲ្យមន្ត្រីសុខាភិបាលនៅតាមបណ្តាខេត្ត ទូទាំងប្រទេស ត្រូវរៀបចំពាក្យបណ្តឹងទៅតុលាការឲ្យចាត់វិធានការផ្លូវច្បាប់។

កាលពីពេលថ្មីៗកន្លងមកនេះ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងអស់​ ប្រុងប្រយ័ត្ន​ចំពោះអ្នករកស៊ីដើរចាក់ថ្នាំជាច្រើនគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាតពីមន្ទីរសុខាភិបាលខេត្ត ឬពីក្រសួងសុខាភិបាល ដែលកំពុងរកស៊ីដើរចាក់ថ្នាំយ៉ាងអនាធិបតេយ្យនៅក្នុងខេត្តស្វាយរៀង។

បេីតាមបញ្ជីឈ្មោះរបស់មន្ទីរសុខាភិបាល​ មានបុគ្គលរហូតទៅដល់​ ៣៩៣នាក់​ ដែលដើរព្យាលបាល ចាក់​ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាត។ មន្ទីរ​សុខាភិបាលណែនាំដល់អ្នកទាំងអស់នោះ​ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ពីព្រោះមន្ទីរសុខាភិបាលបានណែនាំហាមឃាត់ និងបានឱ្យធ្វើកិច្ចសន្យាច្រើនដងរួចមកហើយ និងមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាជាបន្តទៀតទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស