ភ្នំពេញ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២២ ដែលជាភាពរីករាយមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួន។ភ្នំពេញក្រោនគ្រងតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២២ ក្រោយពីយកឈ្នះបឹងកេត ក្នុងលទ្ធផល ៥-០ សប្តាហ៍ទី២៧ នៅកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី៣ ខែធ្នូ ក្រោមការដឹកនាំរបស់លោក Oleg Starynskyi ។

សូមជម្រាបផងដែរថា ការឈ្នះជើងឯកខេមបូឌាលីគ២ឆ្នាំជាប់គ្នារបស់ភ្នំពេញក្រោន និងជាលើកទី៨ ដែលជាចំនួនច្រើនបំផុតប្រចាំប្រវត្តិសាស្រ្តលីគកំពូលកម្ពុជា ពោលគឺឈ្នះនៅឆ្នាំ២០០២ ,២០០៨ ,២០១០ ,២០១១, ២០១៤, ២០១៥, ២០២១ និង ២០២២។

គួរឱ្យដឹងផងដែរថា កីឡាករដែលរកគ្រាប់បាល់បានជួយភ្នំពេញក្រោនលើកពានលីគកំពូលឆ្នាំនេះរួមមានក្នុងនោះខ្សែប្រយុទ្ធរបស់អាហ្វហ្គានីស្ថាន Fareed Sadat រកបាន២គ្រាប់ ហើយកីឡាករជប៉ុន Yudai Ogawa កីឡាករអ៊ុយក្រែន Valerii Hryshyn និងខ្សែប្រយុទ្ធឆ្នើម លឹម ពិសុទ្ធ រកបានម្នាក់១គ្រាប់។
ដោយ៖វិកគី

