លោកសៅ សុខា បង្កើតក្រុមការងារចុះត្រួតពិនិត្យធ្វើតេស្តរកសារធាតុញៀនដល់ប៉េអឹមខេត្តរតនគីរី

(ភ្នំពេញ) ៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចុះត្រួតពិនិត្យធ្វើតេស្តរកសារធាតុញៀនដល់នាយទាហាន នាយទាហានរង និងពលទាហាននៅតបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគីរី។ នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ដែលទើបទទួលបាន។

ការបង្កើតក្រុមការងារនេះ គឺបន្ទាប់ពីមានលេចឮព័ត៍មានថា មានអាវុធហត្ថខេត្តរតនគីរីប្រើប្រាស់គ្រឿងញៀន ឬមួយចែកចាយ។ សមាសភាពក្រុមការងារចុះត្រួតពិនិត្យធ្វើតេស្តសារធាតុញៀនដល់នាយទាហាន នាយទាហានរង និងពលទាហាននៅតបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគីរី មានចំនួន ០៩រូប ក្នុងនោះមានប្រធានមួយរូប អនុប្រធានមួយរូប និងសមាជិកចំនួន ០៧រូប។

យោងតាមសេចក្តីសម្រេចបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ណឹម សុវិសាល នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន។ លោកឧត្តមសេនីយ៍ត្រី សូរ សារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ ចាអនុប្រធាន។ ចំណែកសមាជិកចំនួន ០៧រូប រួមមានៈ លោកឧត្តមសេនីយ៍ត្រី ព្រហ្ម ច័ន្ទឫទ្ធី នាយរងការិយាល័យបុគ្គលិក។ លោក ហ៊ួរ ចាន់ពៅ នាយការិយាល័យសុខាភិបាល។ លោកកាន់ វុឌ្ឍី នាយការិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ។ លោកសៅ ចន្ទគ្រឹស្នា នាយការិយាល័យអធិការកិច្ចស្តីទី។ លោកយិន វាសនា នាយផ្នែកការិយាល័យស្រាវជ្រាវបទល្នើសឧក្រិដ្ឋ។ លោកតុប រស្មី ជំនួយការការិយាល័យអធិការកិច្ច។ លោកហ៊ល តាន់ហំ ជំនួយការការិយាល័យសុខាភិបាល។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ក្រុមការងារមានភារកិច្ច ត្រួតពិនិត្យធ្វើតេស្តរកសារធាតុញៀន ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានការពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀន នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ។ ក្រុមការងារមានសិទ្ធិជួបពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធ ។ ចេញលិខិតអញ្ជើញនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលហត្ថខេត្តរតនគិរី ដែលមានការពាក់ព័ន្ធមកត្រួតពិនិត្យធ្វើតេស្តរកសារធាតុញៀន ដើម្បីស្រាវជ្រាវរកឱ្យឃើញការពិតជាក់ស្ដែង ។ បូកសរុបលទ្ធផលការងារធ្វើរបាយការណ៍ជូនមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យសម្រេច ។

ចំណែកលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងប្រាប់ខ្លីៗ កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ថា ការបង្កើតក្រុមការងារចុះត្រួតពិនិត្យធ្វើតេស្តសារធាតុញៀនដល់នាយទាហាន នាយទាហានរង និងពលទាហាននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគីរី គឺដោយសារឮថា មានព័ត៍មានអាវុធហត្ថខេត្តរតនគីរីប្រើប្រាស់គ្រឿងញៀន ឬមួយចែកចាយ គឺយើងត្រូវតែបញ្ជាក់ជាមួយព័ត៍មាននឹងឲ្យច្បាស់។ ដោយលោកបានលើកឡើងថា កន្លងទៅក៏ធ្លាប់ធ្វើតេស្តរកសារធាតុញៀនដែរ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា “ព័ត៍មាននេះ គឹគេថាអាវុធហត្ថមានការពាក់ព័ន្ធ ចឹងយើងធ្វើតេស្តឲ្យវាកាន់តែសុក្រិត្យ តើមានអត់? បើមានយើងត្រូវតែស្នើសុំឈ្មោះកាត់ចោល លុបឈ្មោះចោល ចេញពីបញ្ជីគ្រប់គ្រងរបស់អាវុធហត្ថ”។ ក្រុមការងារបានចុះទៅធ្វើការងងារនេះហើយ ប៉ុន្តែលទ្ធផលនៅមិនទាន់ដឹងនៅឡើយទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News