ប្រើងារជាអនុប្រធាន​អង្គការ​ថែរក្សា​ក្មេង​ដោយ​ក្តី​ស្រឡាញ់​ម្នាក់ ចាប់រំលោភ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​បានសម្រេច​

(កំពង់ស្ពឺ) ៖​ អនុប្រធាន​អង្គការ​ថែរក្សា​ក្មេង​ដោយ​ក្តី​ស្រឡាញ់​ម្នាក់ ត្រូវបាន​មន្ត្រី​នគរបាល​ជំនាញ​ឃាត់​ខ្លួន​ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលា​ដំបូង​ខេត្តកំពង់ស្ពឺ​ ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ ដែល​ជា​ក្មេង​កំព្រា​នៅក្នុង​អង្គការ​នេះ​។​

លោក​វរសេនីយ៍ឯក​ស៊ិន​ សុ​ផេ​ន ​នាយការិយាល័យ​ការជួញដូរ​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៦​មិថុនា​នេះ​ថា ​ជនសង្ស័យ​ដែល​ចាប់រំលោភ​ក្មេងស្រី​រង​គ្រោះ​ ត្រូវបញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​។​

លោក​បន្តទៀតថា ​ជនសង្ស័យ​មានឈ្មោះ​ភឹ​ន​ សុ​ត​ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ មាន​តួនាទី​ជា​អនុប្រធាន​អង្គការ​ថែរក្សា​ក្មេង​ដោយ​ក្តី​ស្រឡាញ់ ​ស្ថិត​ក្នុងភូមិ​ព្រៃ​កេស ​ឃុំ​ព្រៃ​វិហារ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​។​

លោក​បាន​បន្តថា​ ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ​ឃ​.​ម​.​ន​.​ត ​អាយុ​១៣​ឆ្នាំ​ ជា​ក្មេង​កំព្រា ស្នាក់​នៅ​ក្នុង​អង្គការ​ខាងលើ​។​

ជនរងគ្រោះ ​ត្រូវបាន​អនុប្រធាន​អង្គការ​ខាងលើ​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ​កាលពី​យប់​ថ្ងៃទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៩​កន្លងមកនេះ​ និង​ត្រូវបាន​បញ្ជូនមក​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ​។​

នគរបាល​បាន​បញ្ជាក់ថា ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ការចាប់រំលោភ​ក្មេងស្រី​កំព្រា​ស្នាក់​នៅក្នុង​អង្គការ​ថែរក្សា​ក្មេង​ដោយ​ក្តី​ស្រឡាញ់​ហើយ ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​ ជា​អ្នកគ្រប់គ្រង​ក្នុង​អង្គការ​នេះ ​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ភ្លាមៗ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។​

បច្ចុប្បន្ន​ ជនសង្ស័យ ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​ចាត់ការ​បន្ត​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស