ថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន និងសមាជិករាប់ម៉ឺននាក់ ប្រារព្ធខួប៦៨ឆ្នាំថ្ងៃកំណើតបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា រួមនិងសមាជិក សមាជិការាប់ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ នឹងរួមគ្នាប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៦៨ឆ្នាំ ថ្ងៃកំណើតបក្ស។ ពិធីអបអរសាទរដែលនឹងធ្វើយ៉ាងមហោឡារឹកនេះ នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានឲ្យដឹងថា ពិធីអបអរសាទរថ្ងៃកំណើតបក្សនៅថ្ងៃស្អែកនេះនឹងមានអ្នកចូលរួមចន្លោះពី ៨ ទៅ១០ម៉ឺននាក់។ លោក ឈឹម ផលវរុណ បានឱ្យថា ក្នុងអង្គមេទ្ទិញអបអរខួបកំណើតបក្សនេះ នឹងរំលេចឱ្យឃើញនូវសំខាន់ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន។

បើតាមលោក ឈឹម ផលវរុណ បញ្ជាក់ថា គុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា មានដូចជាការចូលរួមទាមទារឯករាជ្យ រំដោះប្រទេសជាតិចេញពីប្រល័យពូជសាសន៍ ការស្វះស្វែងរកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម និងការប្រឹងប្រែងរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើន។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ក៏បានអះអាងដែរថា បច្ចុប្បន្នគណបក្សប្រជាជនប្រជាជនកម្ពុជាមានសមាជិក សមាជិកាប្រមាណ ៥លាននាក់ ហើយគណបក្សប្រជាជនកម្ពុជា ជាស្នូលមួយសម្រាប់ការពារជាតិ និងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ បានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

ក្នុងខិតប័ណ្ណព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

ក្នុងខិតប័ណ្ណបន្តថា ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស​វាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News