ក្រសួងបរិស្ថានផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងទឹកកខ្វក់ទីប្រជុំជន នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប

(ភ្នំពេញ) ៖ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានរៀបចំការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងទឹកកខ្វក់ទីប្រជុំជន នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គរដ្ឋទូត និងតំណាងអង្គទូតនៃបណ្តាប្រទេសជាមិត្តនានាប្រចាំកម្ពុជា លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន និងអាជីវករ ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ ក្នុងការផ្តល់ជាធាតុចូល សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងទឹកកខ្វក់ទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានកាន់តែប្រសើរឡើង។

ឯកឧត្តម សៅ សុភាព បានលើកឡើងថា ដើម្បីរួមចំណែកធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ក្រសួងបរិស្ថានបាននិងកំពុងខិតខំបំពេញភារកិច្ចទាំងឡាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងការចូលរួមអនុវត្ត គោលនយោបាយ ផែនការ និង យុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់ ទី ៤ តាមរយៈកំណែទម្រង់ស៊ីជម្រៅ សំដៅ ពង្រឹង ការ អនុវត្ត និង លើក កម្ពស់ ប្រសិទ្ធភាព នៃការ គ្រប់គ្រង បរិស្ថាន និង ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របដោយ និរន្តរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់ ដោយ បានកំណត់អាទិភាព គោលនយោបាយ របស់ខ្លួន ឈរលើសរសរស្ដម្ភ ៤៖ ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និង ការរស់នៅប្រកបដោយចីរភាព ។

ឯកឧត្តមបានបន្តដែរថា រាជរដ្ឋាភិបាលបានរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលគាំទ្រដល់កិច្ចគាំពារ បរិស្ថានដែលមានដូចជា៖ អនុក្រឹត្យលេខ២៧អនក្រ.បក ស្តីពីការគ្រប់គ្រងការបំពុលទឹក អនុក្រឹត្យលេខ ១១៣អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងថ្មីៗនេះគឺអនុក្រឹត្យលេខ ២៣៥អនក្រ.បក ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ទប្រព្រឹត្តកម្មទឹកកខ្វក់ ដែលជាមានគោលបំណងធ្វើវិមជ្ឍការការគ្រប់គ្រងទឹកកខ្វក់ ប្រព័ន្ធលូ និង ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ជៀសវាងការបំពុលបរិស្ថាន ស្របតាមគោលនយោបាយវិមជ្ឍការរបស់រាជរដ្ឋាភិបាល និងផែនទីចង្អុលផ្លូវរបស់ក្រសួងបរិស្ថាន។ បន្ថែមពីនេះទៀត រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីដឹកនាំ និងសម្របសម្រួលគម្រោងវិនិយោគ ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់។ ឯកឧត្តមរដ្ឋលេខាធិការបានចាត់ទុកថា សិក្ខាសាលា រួមចំណែកដោះស្រាយបញ្ហាការបញ្ចេញទឹកកខ្វក់ចូលតំបន់ទឹកធម្មជាតិ តាមរយៈបង្កើតឱកាសជួបគ្នា និងស្វែងយល់ពីគ្នារវាងស្ថាប័នអនុវត្តច្បាប់ វិស័យឯកជន ដើម្បីជំរុញ និងផ្តល់ជម្រើសបច្ចេកវិទ្យា ប្រព្រឹត្តកម្មទឹកកខ្វក់ សមស្របសម្រាប់បំពាក់ នៅតាមទីតាំងអគារអាជីវកម្ម សេវាកម្ម និងផលិតកម្មរបស់ខ្លួន។ ហើយសិក្ខាសាលាក៏នឹងបង្កើតឱកាសឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន យល់ដឹងពីមុខងារ ការទទួលខុសរបស់ខ្លួន ក្នុងការគ្រប់គ្រង និងប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីធ្វើឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធិផល។

គួរបញ្ជាក់ថា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប គឺជាប៉ូលសេដ្ឋកិច្ចសំខាន់ទាំង៣ របស់ប្រទេស ដែលមានសក្តានុពលខាងវិស័យសដ្ឋកិច្ច វប្បធម៌ទេសចរណ៍ខ្ពស់ផងដែរ។ ដូចនេះកិច្ចគាំពារបរិស្ថានដែលជាកត្តាគន្លឹះជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងមានការចូលរួមទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធរដ្ឋាបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេសការចូលរួមអនុវត្តកាតព្វកិច្ចប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពរបស់អ្នកវិនិយោគផ្នែកសេវាកម្មសណ្ឋាគារ បុរីលំនៅដ្ឋាន ទីក្រុងរណប ការស៊ីណូ ភោជនីយដ្ឋាន មណ្ឌលកំសាន្ត និងរមណីយដ្ឋាននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News