កីឡាករ កីឡាការិនីចំនួន២៨៥នាក់ បានចុះឈ្មោះត្រៀមប្រកួតទោចក្រយាន ជើងឯកថ្នាក់ជាតិ២០២២នេះ

ភ្នំពេញ៖ ការទទួលចុះឈ្មោះចូលរួមប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ពីថ្ងៃទី២៦-២៧ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តសៀមរាប បានបិទហើយ ដោយទទួលបានកីឡាករ កីឡាការិនីសរុបចំនួន២៨៥នាក់។លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែធ្នូនេះថា ក្នុងចំណោមកីឡាករ កីឡាការិនីដែលចូលរួមប្រកួតសរុបនេះ គឺប្រភេទកង់គួក មានចំនួន៨០នាក់ និងប្រភេទកង់ភ្នំមានចំនួន ២០៥នាក់។

ចំពោះកម្មវិធីប្រកួត គឺនៅថ្ងៃទី២៦ ខែធ្នូ ជាថ្ងៃចេញដំណើរពីភ្នំពេញឆ្ពោះទៅខេត្តសៀមរាប ប្រជុំគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត និងចែកស្លាកលេខកីឡាករ កីឡាការិនី ពិនិត្យបច្ចេកទេសកង់ និងឲ្យកីឡាករ កីឡាការិនីកម្តៅសាច់ដុំ និងពិនិត្យផ្លូវប្រណាំង។ព្រឹកព្រលឹមថ្ងៃទី២៧ ខែធ្នូ ចាប់ផ្តើមការប្រកួតកង់គួក៣វិញ្ញាសា ដែលចេញដំណើរ-ដល់ទី នៅមុខប្រាសាទអង្គរវត្ត។ វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូដដែល ចាប់ផ្តើមការប្រកួតកង់ភ្នំ នៅជើងភ្នំហ៊ប់ ឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប លើ៤វិញ្ញាសា។ វិញ្ញាសាទាំង៧នេះ រួមមាន៖ ១. កង់គួកបុរសថ្នាល (Man Junior Road Bike) អាយុ១៨ឆ្នាំចុះក្រោម។ ២. កង់គួកបុរសឈុតធំ (Man Elite Road Bike) ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ ៣. កង់គួកបុរស (Man Master Road Bike) ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ដោយ៣វិញ្ញាសានេះត្រូវប្រកួតលើចម្ងាយផ្លូវ ១៦០គីឡូម៉ែត្រដូចៗគ្នា។ ៤. កង់ភ្នំបុរសថ្នាល (Man Junior MTB) អាយុ១៨ឆ្នាំ ចុះក្រោម។ ៥. កង់ភ្នំបុរសឈុតធំ (Man Elite MTB) ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ ៦. កង់ភ្នំនារី (Woman MTB) ចាប់ពីអាយុ ១៥ឆ្នាំឡើងទៅ និង ៧. កង់ភ្នំបុរស (Man Master MTB) ចាប់ពីអាយុ៤០ឆ្នាំឡើងទៅ ដោយ៤វិញ្ញាសានេះប្រកួតលើរយៈចម្ងាយផ្លូវ សរុប២៤គីឡូម៉ែត្រដូចៗគ្នា។

គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិនេះ ក្រៅពីទទួលបានថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធក៏បានទទួលការឧបត្ថម្ភនូវថវិកាចំនួន ៤២,៧៥០ដុល្លារពីក្រុមហ៊ុន Herbalife សម្រាប់ដំណើរការរៀបចំព្រឹត្តិការណ៍ឆ្នាំនេះជាមួយនឹងការបង្កើនប្រាក់រង្វាន់ដល់ជ័យលាភី ដើម្បីសម្រួចគុណភាពរបស់អត្តពលិកកង់ និងមន្ត្រីបច្ចេកទេស ឆ្ពោះទៅ ស៊ីហ្គេម ២០២៣ ផងដែរ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២