យុវជនវ័យក្មេងរត់ទូកដរ លង់ទឹកស្លាប់នៅចំណុចកំពង់ចម្លងព្រែកលៀប

(ភ្នំពេញ) ៖ យុវជនវ័យ២១ឆ្នាំម្នាក់មានមុខរបបរជាអ្នករត់ទូកដរ បានលង់ទឹកស្លាប់ក្រោយចុះហែលទឹកទន្លេរលេង កាលពីវេលាម៉ោង១១ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ហេតុការណ៍នេះកើតឡើងនៅចំណុច កំពង់ចម្លងព្រែកលៀប ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហឿន វង្ស អាយុ២១ឆ្នាំ មុខរបរអ្នករត់ទូកដរ ហើយមុនកើតហេតុជនរងគ្រោះ និងមិត្តភក្តិ៣នាក់ទៀត បានចុះងូតទឹកលេងនៅក្បែរទូកដរ ពេលនោះ មិត្តភក្តិជនរងគ្រោះ បានហែលដល់ច្រាំងហើយ តែជនរងគ្រោះ បានហែលទឹកត្រឡប់ទៅទូកដរវិញ ស្រាប់តែលេចទឹកបាត់តែម្តង ទម្រាំរាវរកឃើញ បានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកោសល្យវិច័យទៅលើសាកសព និងប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News