ប៉ូលិសចាប់ខ្លួនអគ្គនាយកក្រុមហ៊ុន Enarita រឿងឆបោកលុយ៨០លានដុល្លារ

(ភ្នំពេញ) ៖  ប៉ូលិសចាប់ខ្លួនលោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita វិនិយោគលើការពុះដីឡូតិ៍លក់បណ្ដាខេត្តមួយចំនួន ពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋនៅកម្ពុជានិងនៅប្រទេសកូរ៉េតាមរយៈការដាក់ទុកវិនិយោគ (ការប្រាក់ខ្ពស់)
ដែលមានចំនួនទឹកប្រាក់ប្រមាណជា ៨០លានដុល្លារ។

ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita បានបញ្ជូនទៅតុលាការហើយ។ ការចាប់ខ្លួនលោក ឌីម សួនណាត ដោយសារតែមានដីកាចំនួន៤ និងទទួលបានបណ្តឹងពីប្រជាពលរដ្ឋចំនួន១៦ខេត្ត ពាក់ព័ន្ធជាមួយលុយ ៨០លានដុល្លារ។ ហើយតួលេខលុយ២០០ ទៅ ៣០០លានដុល្លារ ប្រហែលជាមានពាក្យបណ្តឹងជាបន្តបន្ទាប់ផ្សេងទៀត។

សេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គនាយកក្រុមហ៊ុន Enarita បានបោកប្រាស់ពលករ នៅប្រទេសកូរ៉េដោយប្រើល្បិច ឆបោក ប្រាក់ តាមរយៈដាក់ទុនជាមួយក្រុមហ៊ុននិងទទួលបានការប្រាក់ខ្ពស់ ចាប់ពី ២០ភាគរយ ក្នុងមួយខែ។

ពលករនៅប្រទេសកូរ៉េ រាប់រយនាក់ បានចាញ់បោក ក្រុមហ៊ុនEnarita តាមរយៈការដាក់ទុកវិនិយោគ ជាមួយនិងការប្រាក់ខ្ពស់ គឺ ដាក់លុយ ចាប់ពី១ម៉ឺនដុល្លារ និងបានទទួលការប្រាក់ ២០ភាគរយ បើដាក់ចាប់ពី ២ ឬ៣ ម៉ឺនដុល្លារឡើងទៅ អាចទទួលបានការប្រាក់ពី២៥ទៅ ៣០ភាគរយ និយាយទៅដាក់កាន់តែច្រើន ទទួលបានការប្រាក់ កាន់តែខ្ពស់។
នៅមុនពេល ពួកគេដាក់ ទុក ក្រុមហ៊ុនគេបានឲ្យជួបជាមួយអ្នកទីផ្សា ដោយគេតម្រូវឲ្យ ពលករនៅកូរ៉េ បង្កើតជាក្រុម ចាប់ពី១០នាក់ឡើងទៅ ងាយស្រួលប្រមូលលុយនិង ដក លុយមកវិញ ។នៅប្រទេសកូរ៉េ មានពលករ រាប់រយនាក់ ទៅពាន់នាក់ដែលបានចាញ់បោក ក្រុមហ៊ុន Enarita ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News