​កីឡាករ​បាល់ទាត់ល្បីឈ្មោះ កេស៊ូកិ ហុងដា វិនិយោគ​ច្រើន​ជាង​គេ ឲ្យក្រុមហ៊ុនអេហ្គ្រីបាឌី​ ស្ថិត​ក្នុង​ចំណោមក្រុងហ៊ុនផ្សេងៗ

(ភ្នំពេញ)  ៖ អេហ្គ្រីបាឌី (Agribuddy) ជា​ក្រុមហ៊ុនជប៉ុន​ដែល​​ធ្វើ​ប្រតិបត្តិការ​ក្នុង​បំណង​លើក​កម្ពស់​ស្ថានភាព​សេដ្ឋកិច្ច និងគុណភាព​ជីវិត​របស់កសិករ​ខ្នាត​តូច​ក្នុង​ប្រទេស​កម្ពុជា និង​ឥណ្ឌា បានក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួនពីរ ដែល​ទទួលបាន​ការ​វិនិយោគ​ច្រើន​ជាង​គេ​បំផុតពី​មូលនិធិ​អ្នកវិនិយោគ KSK ជា​មូលនិធិ​វិនិយោគមួយដែល​បង្កើត​ឡើង​ដោយ​កីឡាករ​បាល់ទាត់អាជីព​ល្បីឈ្មោះរបស់ប្រទេស​ជប៉ុន គឺលោក​ កេស៊ូកិ ហុង​ដា (Keisuke Honda)។

មូលនិធិ​វិនិយោគ​ KSK Angel Fund ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​បំណង​ធ្វើ​ឲ្យ​ពិភព​លោក​ក្លាយជាទីមនោរម្យ​​សម្រាប់មនុស្ស​ជំនាន់​ក្រោយ​​ តាមរយៈបេសកកម្ម​​​​ក្នុងការ​បង្កើត​ឲ្យ​បាននូវ​សង្គម​មួយដែលគ្មាន​ភាព ក្រីក្រ និង​មនុស្ស​គ្រប់គ្នាទទួលបានការអប់រំ​ដោយស្មើភាពគ្នា។

លោក កេស៊ូកិ ហុង​ដា បាន​មានប្រសាសន៍ថា៖ “យើង​បាន​មើលឃើញ​នូវ​សក្ដានុពលជា​ច្រើន​របស់​អេហ្គ្រីបាឌី ក្នុងការផ្ដល់សេវា​ដល់​​កសិករ​​ឲ្យ​បាន​កាន់តែ​ប្រសើរ ​តាមរយៈប្រតិបត្តិការ​សម្រប​សម្រួល​ហិរញ្ញប្បទាន​កសិកម្ម និង​ការ​ស្វែង​រកទីផ្សារ​​​ឲ្យ​បានច្រើនសម្រាប់​កសិផល​របស់កសិករ​។ ទាំង​អស់​នេះ​មានភាពស៊ីគ្នា​នឹង​​​សេចក្តីថ្លែង​បេសកកម្ម​​របស់យើង​។”

នាយក​ប្រតិបត្តិ និងជា​ស្ថាបនិក​របស់​អេហ្គ្រីបាឌី លោក ខេង​ហ្គោ គីតួរ៉ា (Kengo Kitaura) បាន​ស្វាគមន៍​ចំពោះ​ដំណឹង​នេះ ដែលនឹង​ជួយ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់ក្រុមហ៊ុន​កាន់តែរឹង​មាំថែមទៀត​ក្នុង​នាមជា​មិត្តដៃគូ​របស់កសិករ។
លោក ខេងហ្គោ បាន​មានប្រសាសន៍ថា៖ “នេះជាដំណឹង​ដ៏គួរ​ឲ្យ​រំភើប​ចិត្ត​សម្រាប់​ពួកយើង ស្រប​ពេល​ដែលយើង​កំពុង​តែ​ខិត​ខំប្រឹង​ប្រែង​ក្នុងការ​កសាង​សហគមន៍​កសិករ ឲ្យ​បានរឹងមាំ និងលូតលាស់​រីក​ចម្រើន តាមរយៈការ​ជួយស​ម្រប​សម្រួល​សកម្មភាពផលិតកម្ម​កសិករ និង​ការ​គ្រប់គ្រង​ចង្វាក់តម្លៃ​កសិកម្ម”។

លោក​បានបន្ថែមទៀតថា៖ “យើង​មានក្ដីសង្ឃឹមយ៉ាងមុត​មាំថា កសិករ​របស់យើង​នឹង​ទទួលបាន​ផល​ប្រយោជន៍​ច្រើនជាង​គេ​បំផុតពីការ​ជួយគាំទ្រ និង​ការ​វិនិយោគពី​លោក ហុងដានេះ”។

លោក កេស៊ូកិ ហុង​ដា ជាជន​គំរូម្នាក់ មិនថា​ក្នុងនាមជា​កីឡាករ​បាល់ទាត់​ដ៏ល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជា​ឥស្សរជន​ដែលចួលរួម​នៅក្នុងសកម្មភាពមនុស្សធម៌ និងវិស័យអប់រំ និង ជា​សហគ្រិន​​ ក៏ដូចជា​អ្នកបោះទុនវិនិយោគ​​ក្នុងអាជីវកម្មបង្កើត​ថ្មីៗ​ផងដែរ។

ទន្ទឹម​នឹង​នេះ លោក កេស៊ូកិ​ បាន​​បង្កើត​សាលា​ហ្វឹកហាត់បាល់ទាត់ចំនួន ៨០ កន្លែងទូទាំង​សកល​លោក ហើយ​ក៏ជា​អ្នកវិនិយោគ​ដ៏មានឥទ្ធិពល​ម្នាក់​នៅ​ក្នុង​វិស័យអាជីវកម្មបង្កើតថ្មីៗផងដែរ។

ក្រៅពីនេះ លោក កេស៊ូកិ ហុង​ដា ក៏បានចូលរួមជាមួយនឹង​ក្រុមហ៊ុន​អេហ្គ្រីបាឌី​ក្នុងនាម​ជា​ទូត​សុឆន្ទៈ​របស់ក្រុមហ៊ុនថែមទៀត​ផង។

សម្រាប់ក្រុមហ៊ុន អេហ្គ្រីបាឌី មកទល់នឹង​ពេលបច្ចុប្បន្ននេះ មាន​អ្នក​វិនិយោគមួយចំនួនរួមមាន Mistletoe លោកកេស៊ូកិ ហុង​ដា មូលនិធិ​អាជីវកម្មឌីជីថល​ (SADIF) និង ក្រុមហ៊ុន Forte Investment Holdings ជាដើម។

លោក យ៉ង់ ប៉ាក់ នាយកក្រុមហ៊ុនអេហ្គ្រីបាឌី​ប្រចាំប្រទេស​កម្ពុជា ដែលបានចូលរួម​នៅ​​ក្នុងកិច្ច​ប្រជុំ​​មូលនិធិ KSK នៅទីក្រុង​តូក្យូ បាន​មានប្រសាសន៍ថា ការ​ក្លាយជា​ក្រុមហ៊ុន​កំពូលចំនួនពីរ​​លើ​បញ្ជី​វិនិយោគ​​របស់​ឥស្សរជន​ល្បីឈ្មោះលំដាប់ពិភព​លោក​ដូច្នេះ គឺជា​សមិទ្ធផល​មួយ​ដ៏ធំធេង​សម្រាប់​អេហ្គ្រីបាឌី ស្រប​ពេលដែលក្រុមហ៊ុនកំពុង​តែពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុងប្រទេស​កម្ពុជា​ ដើម្បីជំរុញ​សមត្ថភាពផលិតកម្ម​កសិកម្ម។

លោក​​ យ៉ង់ ប៉ាក់ មានប្រសាសន៍ថា៖  “នេះជា​ជោគជ័យ​មួយ​ដ៏ធំធេង​របស់​​ក្រុមការងារ​អេហ្គ្រីបាឌី​ទាំង​មូល​ដែលមានការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ធ្វើការងារ​ដើម្បីបម្រើ​ដល់​កសិករ។ ហើយដំណឹង​នេះ នឹង​​កាន់​តែលើកទឹកចិត្ត​​ដល់​យើងទាំងអស់គ្នាថែមទៀត​​ឲ្យ​ប្រឹងប្រែង​កាន់តែខ្លាំង និង​ធ្វើការងារ​កាន់តែ​ប្រសើរ​ជាងមុន​ដើម្បីជាប្រយោជន៍ដល់​វិស័យកសិកម្ម​របស់យើង”។

អេហ្គ្រីបាឌីគឺជា​ក្រុមហ៊ុន​បច្ចេក​វិទ្យាកសិកម្ម​ មួយដែល​ ​គិត​ត្រឹមពាក់កណ្ដាល​ឆ្នាំ ២០១៩ បានធ្វើការ​ងារ​ជាមួយនឹង​កសិករ​រាប់ពាន់នាក់ ដែលដាំដណាំ​ស្រូវ ដំឡូង និងពោត​ នៅក្នុង​ខេត្ត​ចំនួនប្រាំពីរ គឺ​ខេត្ត​សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និង​កំពង់ធំ ដើម្បី​ជំរុញ​ការ​ដាំដុះ​ និង​​លើក​កម្ពស់​ជីវភាព​របស់កសិករ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស