Nick Taylor៖ «ខ្ញុំពិតជាពេញចិត្ត ប្រសិនបើត្រូវបានកោះហៅឱ្យចូលក្រុម U-22 កម្ពុជា ប្រកួតស៊ីហ្គេម២០២៣»

ភ្នំពេញ៖ ថេឡរ នីកូឡាស់ ឌឿង (Nick Taylor) ដែលអ្នកគាំទ្រស្គាល់ថា ជាកីឡាករកូនកាត់ខ្មែរ-អាមេរិក បាននឹងកំពុងបង្ហាញវត្តមានរបស់ខ្លួនជាមួយបាល់ទាត់កម្ពុជា គួរឱ្យកត់សម្គាល់នាប៉ុន្មានខែចុងក្រោយនេះ ចាប់តាំងពីត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ ក្រោយពីរូបគេធ្លាប់តែធំធាត់ ទម្លាប់ខ្លួនទៅនឹងបាល់ទាត់នៅប្រទេសដែលមានការអភិវឌ្ឍលើវិស័យមួយនេះល្អប្រសើរ។

ជាមួយនឹងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងឈានចូលមកដល់នៅប្រមាណជា ៩៥ថ្ងៃទៀត គិតត្រឹមថ្ងៃទី៣០ ខែមករា ការប្រកួតបាល់ទាត់ លើវិញ្ញាសាបុរស នៅក្នុងព្រឹត្តិការណ៍ដដែលនេះ នឹងប្រើប្រាស់កីឡាករអាយុក្រោម ២២ឆ្នាំ ព្រមជាមួយការអនុញ្ញាតឱ្យប្រើប្រាស់កីឡាករលើសអាយុចំនួន ៣នាក់ផងដែរ នៅក្នុងក្រុម។ហើយថ្មីៗនេះ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានបញ្ជាក់ថា លោកគ្រោងនឹងធ្វើការកោះហៅកីឡាករលើសអាយុចំនួន ៣នាក់ ដើម្បីជួយក្រុមប្រកួតនាមជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

 

ជាមួយគ្នានេះ កីឡាករដែលមានម្ដាយសញ្ជាតិខ្មែរ និងឪពុកសញ្ជាតិអាមេរិក ហាក់សម្ដែងការពេញចិត្តប្រសិនជាបានក្លាយជាផ្នែកមួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ប្រកួតក្នុងព្រឹត្តិការណ៍ដ៏មានសក្ដានុពលប្រចាំតំបន់ បើទោះបីជាបច្ចុប្បន្នខ្លួនមានវ័យ ២៤ឆ្នាំហើយក៏ដោយ។ថេឡរ នីកូឡាស់ ឌឿង បានបញ្ជាក់ប្រាប់ Cambodia 2023 ដូច្នេះថា៖ «ខ្ញុំពិតជាពេញចិត្តប្រសិនបើត្រូវបានកោះហៅចូលក្រុម U-22 ដើម្បីតំណាងកម្ពុជា នៅស៊ីហ្គេមឆ្នាំ២០២៣។ ដូចដែលបានដឹង វាជាឱកាសក្នុងការលេងតំណាងឱ្យប្រទេសដ៏អស្ចារ្យ ហើយដែលនឹងធ្វើឡើងនៅកម្ពុជាទៀត។ អ៊ីចឹងខ្ញុំគិតថា វាក៏នឹងក្លាយជាឱកាសល្អមួយដើម្បីបង្ហាញខ្លួនយើងទៅកាន់ពិភពលោកផងដែរ»។

គិតមកទល់ពេលនេះ ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះ បានបង្ហាញខ្លួនចំនួន ៥ប្រកួតហើយ ឱ្យជម្រើសជាតិកម្ពុជាឈុតធំ ក្នុងនោះមានការបង្ហាញខ្លួនទាំង ១១នាក់ដំបូង និងផ្លាស់ប្ដូរចូល ហើយជារឿយៗលេងជាមួយយុវជនដែលមានសក្ដានុពលដូចជា លឹម ពិសុទ្ធ, សៀង ចន្ធា និង សារ ទី រួចជាស្រេចផងដែរ ជាហេតុនាំឱ្យកីឡាករវ័យ ២៤ឆ្នាំរូបនេះ យល់ថាមានការសម្របខ្លួនបានច្រើន បើធៀបទៅនឹងបរិយាកាសដំបូង។

Taylor បាននិយាយថា៖ «ខ្ញុំស៊ាំនឹងការសម្របខ្លួនទៅនឹងរបៀបលេងរបស់កីឡាករ និងគ្រូបង្វឹក ហើយខ្ញុំគិតថា យើងកំពុងកសាងទំនុកចិត្តជាមួយគ្នា។ ពួកយើងរៀបចំសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ហើយមិនថាខ្ញុំបានក្លាយជាផ្នែកមួយ ឬក៏អត់យ៉ាងណានោះទេ យើងនឹងចំណាយពេលច្រើនដើម្បីធ្វើឱ្យប្រាកដថា អ្នកគ្រប់គ្នាស្ថិតនៅលើផ្លូវតែមួយ ហើយថាយើងកំពុងនាំយកក្រុមដ៏ល្អបំផុតរបស់យើង ក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីព្យាយាមឈ្នះមេដាយមាស»។ ចំពោះការយល់ឃើញអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមវិញ ថេឡរ នីកូឡាស់ ឌឿង គិតថា វាជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការបង្ហាញ ដែលមិនមែនតែក្នុងអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែទៅកាន់ពិភពលោកផងដែរ ជុំវិញវប្បធម៌ និងប្រជាជន ព្រោះកម្ពុជាជាប្រទេសដ៏ស្រស់ស្អាត ហើយក៏ល្អសម្រាប់បង្ហាញថា កម្ពុជាមានអត្តពលិកខ្លាំង រួចរាល់ក្នុងការប្រកួតប្រជែង និងសង្ឃឹមថាដណ្ដើមបានមេដាយមាសជាច្រើន។

លើសពីការប្រកួតបាល់ទាត់ កីឡាករដែលកើតនៅរដ្ឋតិចសាស់រូបនេះ ក៏ចង់ឃើញប្រជាជនកម្ពុជា ចូលរួមទស្សនាកីឡាដទៃទៀតឱ្យបានច្រើនកុះករផងដែរ ពីព្រោះខ្លួនយល់ថា ការចូលរួមគឺជាកម្លាំងចិត្ត ដើម្បីជម្រុញអត្តពលិកកម្ពុជា ឈានទៅប្រកួតនៅកម្រិតកាន់តែខ្ពស់ទៀត។

Nick Taylor បាននិយាយទៀតថា ខ្ញុំចង់និយាយទៅកាន់ប្រជាជនកម្ពុជាថា សូមអញ្ជើញគាំទ្រមិនត្រឹមតែកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែដូចជាកីឡាផ្សេងៗទៀតជាច្រើន តាមដែលអ្នកអាចធ្វើទៅបាន។ ខ្ញុំគិតថា វាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបង្ហាញទៅដល់អត្តពលិករបស់យើងថា ពួកគេត្រូវបានគាំទ្រ ហើយជាមួយនឹងការគាំទ្រ និងជំនួយរបស់អ្នក និងថាមពលរបស់អ្នក នឹងជម្រុញឱ្យអត្តពលិក ឱ្យកាន់តែរួចរាល់សម្រាប់ចូលរួមការប្រកួតនៅកម្រិតខ្ពស់បំផុតបន្ថែមទៀត»។ ថេឡរ នីកូឡាស់ ឌឿង (Nick Taylor) កើតថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩៨ នៅតំបន់ Coppell រដ្ឋតិចសាស សហរដ្ឋអាមេរិក ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិអាមេរិក។ ដូច្នេះ រូបគេមានសិទ្ធិតំណាងឱ្យជម្រើសជាតិកម្ពុជា។ កាលពីយុវជនលេងឱ្យសាលារៀន ជាមួយសមិទ្ធផលគួរឱ្យកត់សម្គាល់។ ពីឆ្នាំ ២០១៧-២០២១ រូបគេបានលេងឲ្យក្រុមមហាវិទ្យាល័យជាច្រើនទៀត ដូចជានៅមហាវិទ្យាល័យ New Mexico Lobos លេងបាន ២៩ដង និងរកបាន ៦គ្រាប់។ លេងឲ្យក្រុមមហាវិទ្យាល័យ SMU Mustangs ឆ្នាំ២០១៩-២០២១ រូបគេបង្ហាញខ្លួនលើទីលាន ៣១ប្រកួត រកបាន ២គ្រាប់ និងឆ្នាំ២០២១ដដែល លេងឲ្យមហាវិទ្យាល័យ UFC Knights បាន ១៦ប្រកួត រកបាន ៣គ្រាប់។ ចុងក្រោយ រូបគេចូលក្លិបធំកម្រិតអាជីព Orlando City B ដែលជាក្រុមបម្រុងរបស់ក្រុមធំលេងលីគកំពូលអាមេរិក (Major League Soccer – MSL) បង្ហាញខ្លួនបាន ២២ប្រកួត ទាត់ចូលទីបាន ១គ្រាប់។

 

នៅខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបានការចាប់អារម្មណ៍ Nick Taylor ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ជាលើកដំបូង និងបានបង្ហាញខ្លួនទល់នឹងបង់ក្លាដែស ក្នុងជំនួបមិត្តភាពអន្តរជាតិ ដោយប្ដូរចូលនៅនាទី៦០ ក្នុងខណៈកម្ពុជា រងបរាជ័យ ០-១ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រោយមក គេក៏បានរកគ្រាប់បាល់លើកដំបូងឱ្យជម្រើសជាតិកម្ពុជា ក្នុងជំនួបដែលយកឈ្នះ ព្រុយណេ ៥-១ នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Cup 2022)៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២