កូរ៉េខាងជើង បាញ់មីស៊ីលចូលក្នុងសមុទ្រជប៉ុនជាលើកទី៤

(សេអ៊ូល)៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ទ៌មាន BBC នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន២ គ្រាប់សាជាថ្មីនៅព្រឹកថ្ងៃអង្គារនេះ ដែលវាជាលើកទី៤ក្នុងរយៈពេល២សប្ដាហ៍ចុងក្រោយនេះ ដោយមីស៊ីលខាងលើ ត្រូវបានបាញ់ចេញពីខេត្ត Hwanghae ឆ្ពោះទៅកាន់សមុទ្រជប៉ុន។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីការធ្វើតេស្ដនេះនៅឡើយទេ ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតែតាមដានលើការបាញ់សាកល្បងមីស៊ីលជាថ្មីនេះ។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងធ្លាប់បានធ្វើតេស្ដមីស៊ីលបែបនេះ៣លើករួចហើយ កាលពីថ្ងៃទី២៥ និងថ្ងៃទី៣១ ខែកក្កដា ព្រមទាំងថ្ងៃទី២ ខែសីហា កន្លងទៅនេះ ហើយមីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដសុទ្ធតែជាមីស៊ីល ស៊េរីថ្មី មិនធ្លាប់បានឃើញពីមុនមកឡើយ ហើយការបាញ់សាកល្បងនេះ ត្រូវបានគេចាត់ទុកជាសារព្រមាន ដល់ការចាប់ផ្ដើមធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងខែសីហានេះផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News