ឡើងប្រមូលអាចម៍ប្រចៀវក្នុងល្អាងភ្នំ រអិលធ្លាក់ក្នុងប្រហោងថ្ម កៀបជាប់៣ថ្ងៃ

(បាត់ដំបង)  ៖ ស្រុកភ្នំព្រឹកបុរសម្នាក់ដែលមានមុខរបរដើរប្រមូលអាចម៍ប្រចៀវនៅតាមល្អាងភ្នំនានាបានរអិលជើងធ្លាក់ជាប់ក្នុងប្រហោងថ្មអស់រយៈពេលជាច្រើនថ្ងៃ
កំពុងបង្កការភ្ញាក់ផ្អើលហើយក៏ត្រូវបានសមត្ថកិច្ចកំពុងព្យាយាមរកវិធីសង្គ្រោះផងដែរ ។

ពាក់ព័ន្ធនឹងព័ត៌មាននេះអង្គភាពសារព័ត៌មានមិនអាចសុំការបញ្ជាក់ពីកម្លាំងនគរបាលណាមួយ បាននោះទេដោយសារតែនគរបាលម្នាក់ៗខ្លាចខុសវិន័យរបស់កងកម្លាំងព្រោះកាលពីថ្ងៃទី ១ ខែ សីហាឆ្នា ២០១៩ ថ្មីៗនេះផេករបស់លោកស្នងការ អ៊ុច សុខុន បានធ្វើការព្រមានដល់កងកម្លាំងនគរបាលទាំងអស់មិនត្រូវផ្តល់ព័ត៌មានផ្ទៃក្នុងឬព័ត៌មានផ្សេងៗទៅអោយតតីយជន ដោយគ្មានការអនុញ្ញាតបើនគរបាលរូបណាហ៊ានបំពាននឹងបទបញ្ជានេះនឹងត្រូវដាក់ទណ្ឌកម្មតាមមាត្រាលេខ ០០៦ របស់កងកម្លាំង ។

ដូច្នេះហើយបានជាមួយរយៈចុងក្រោយនេះ គេសង្គេតឃើញថាមន្ត្រីនគរបាលម្នាក់ៗហាក់មានការព្រួយបារម្ភខ្លាចខុសនឹងវិន័យហើយត្រូវទទួលទណ្ឌកម្មបើទោះបីជាព័ត៌មានដែលជាស្នាដៃរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសឬចាប់ខ្លួនចោរប្លន់ក៏ដោយក៏សមត្ថកិច្ចជំនាញមិនហ៊ានផ្តល់អោយអ្នកសារព័ត៌មានដែរ ( ខ្លាចខុស ) ។

យោងតាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថ បានបញ្ជាក់ថានៅថ្ងៃទី៧ ខែសីហាឆ្នាំ ២០១៩វេលាម៉ោង ៨ ព្រឹក លោក អោកសុខា ភេទប្រុស អាយុ៥៧ឆ្នាំជាមេភូមិទឹកថ្លា ក្នុង ឃុំអង្គរបានបានរាយការណ៍មកថា មានប្រជាពលរដ្ឋក្នុងភូមិ គាត់ ម្នាក់ ឈ្មោះ សុំ បូរ៉ា ភេទ ប្រុស អាយុ២៩ឆ្នាំ បានឡើងទៅលើភ្នំដើម្បីរកកើបអាចម៍ក្រចៀវលក់ ហើយក៏រអិលជើង ធ្លាក់ចូលក្នុងរូងថ្មភ្នំដ៏តូចចង្អៀត បណ្តាលអោយជាប់នៅក្នុងរូងថ្មនោះរយៈពេល៣ថ្ងៃ៤យប់មកហើយ ទីតាំងនៃរូងថ្មនោះស្ថិតនៅខាងក្រោយសាលាបឋមសិក្សាហុងទឹកក្នុងភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ រយ:ពេល៣ថ្ងៃ៤យប់ហើយគឺមូលហេតុដោយសារតែធ្លាក់ពិលចូលក្នុងរូងភ្នំនោះ ទើបជនរងគ្រោះតាមយកពិលក៏រអិលជើងតែម្តង។

បច្ចុប្បន្នគេសង្គេតឃើញថាសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានពិសេសស្ថាប័នពាក់ព័ន្ធ រួមជាមួយនឹងប្រជាពលរដ្ឋកំពុងរកដំណោះស្រាយដើម្បីយកជនរងគ្រោះចេញពីល្អាងថ្មដ៏តូចចង្អៀតនេះព្រោះនៅពេលនេះជនរងគ្រោះមានសភាពទន់ខ្សោយខ្លាំងណាស់ហើយ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News