មេដាយស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣នេះ ផលិតនៅប្រទេសសិង្ហបុរី ដែលធ្វើពីដែកពិសេសបំផុតមួយ។ រូបរាងមេដាយនេះ មានភាពល្អប្រណីតគួរឱ្យចាប់អារម្មណ៍ និងល្អឯកមួយ។រូបភាព និងរូបចម្លាក់នៅលើផ្ទៃមេដាយសម្រាប់ស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣នេះរួមមាន ៖
-រូបភាពវិមានឯករាជ្យ តំណាងឱ្យឯករាជ្យជាតិ។ រូបភាពវិមានឈ្នះៗ តំណាងឱ្យនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យប្រទេសជាតិមានសុខសន្តិភាពបរិបូរណ៍រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យ។ រូបភាពធំកណ្ដាលគឺពហុកីឡដ្ឋានជាតិមរតកតេជោដែលតំណាងឱ្យសមិទ្ធផលកីឡាថ្មីសន្លាងដ៏ប្រណិតភាពព្រមទាំងមានរចនាបថពិសេសៗទៀត។


-នៅផ្នែកម្ខាងទៀតជារូបភាពនៃឡូហ្គោស៊ីហ្គេម ២០២៣ ដែលមានរូបនាគ៤ ដែលតំណាងឱ្យភាពអស្ចារ្យរុងរឿងនៃទឹកដីកម្ពុជាដែលសម្បូរទៅដោយសម្បត្តិធម្មជាតិ។ នៅជុំវិញនិម្មិតសញ្ញាកីឡាមានផ្ការំដួលដែលជាផ្កាតំណាងជាតិ៧ទង តំណាងឱ្យថ្ងៃ៧មករា៕


