សម្តេចក្រឡាហោម ស ខេង ៖ បច្ចុប្បន្នប្រជនកម្ពុជា មានចំនួនជាង១៥លាននាក់

(ភ្នំពេញ) ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជន បានបញ្ជាក់ថា តាមតួលេខបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុប តាមវិធីសាស្ត្រឃើញរាប់ (de-facto) មានចំនួន ១៥.២៨៨.៤៨៩ នាក់ ក្នុងនោះមានប្រុស ៧.៤១៨.៥៧៧ នាក់ និងស្រី ៧.៨៦៩.៩១២ នាក់។ ការថ្លែងបញ្ជាក់នេះ នៅក្នុងពីធីប្រកាសតួលេខបណ្តោះអាសន្ន នៃជំរឿនទូទៅប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នេះ។
សម្តេចក្រឡាហោម ស ខេង បានបន្តថា តាមតួលេខបណ្តោះអាសន្ននេះពិនិត្យឃើញថាចំនួនប្រជាជនកម្រិតថ្នាក់ជាតិមាននិន្នាការកើនឡើងយឺត ដោយសារអត្រាផ្តល់កំណើត និងអត្រាកំណើនប្រជាជនបានថយចុះស្របតាមការព្យាករណ៍ដែលបានរំពឹងទុក។ អត្រាកំណើនប្រជាជនប្រចាំឆ្នាំបានថយចុះ ពី ១,៥ ភាគរយ ក្នុងចន្លោះឆ្នាំ ១៩៩៨ និង ២០០៨ មក ១,២ ភាគរយក្នុងចន្លោះឆ្នាំ២០០៨ និង ២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជាក្នុងទសវត្សចុងក្រោយនេះពិនិត្យឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ដែលមានតែ ១.០ ភាគរយ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា រាជធានី ខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺភ្នំពេញមាន ២.១២៩.៣៧១ នាក់ ហើយខេត្តកែបមានប្រជាជនតិចជាងគេបំផុត ៤១.៧៩៨ នាក់ ប៉ុណ្ណោះ។ ទំហំគ្រួសាជាមធ្យមមាន ៤.៦ សម្រាប់ទូទាំងប្រទេស ហើយសូចនាករសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ គឺដង់ស៊ីតេប្រជាជន ពោលគឺចំនួនប្រជាជនក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ។ ដង់ស៊ីតេប្រជាជនស្មើនឹង ៨៦ នាក់ ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ នៅឆ្នាំ២០១៩។ អត្រាភេទ គឺជាចំនួនបុរសក្នុងចំណោមស្ត្រី ១០០ នាក់។ អត្រាភេទ តាមតួលេខបណ្តោះអាសន្ននៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស ៩៤ នាក់ ក្នុងចំណោមស្ត្រី១០០ នាក់ ដោយមិនមានការប្រែប្រួលបើប្រៀបធៀបនឹងឆ្នាំ ២០០៨។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា បើពិនិត្យតាមតំបន់ភូមិសាស្ត្រនៃប្រទេស តួលេខបណ្តោះអាសន្ន នៃជំរឿនប្រជាជនឆ្នាំ២០១៩ បានបង្ហាញថា ប្រជាជនប្រមាណ ៤៨,៩ ភាគរយនៃប្រជាជនទាំងអស់ រស់នៅតំបន់ទំនាបកណ្តាល ដោយសារតំបន់នេះប្រមូលផ្តុំដោយខេត្តធំៗ ដែលមានការអភិវឌ្ឍខ្ពស់។ បន្ទាប់មកតំបន់ទន្លេសាបមានប្រជាជនប្រមាណ ៣១,៤ ភាគរយនៃប្រជាជនទាំងអស់ តំបន់ខ្ពង់រាប និងភ្នំមាន ១២,៧ ភាគរយ និងតំបន់ឆ្នេរ និងសមុទ្រមាន ៦,៩ ភាគរយ។ ការសិក្សាលម្អិតអំពីការប្រមូលផ្ដុំរបស់ប្រជាជននៅទីប្រជុំជន និងជនបទអាចធ្វើទៅបាន បន្ទាប់ពីមានតួលេខចុងក្រោយរបស់ជំរឿន ក៏ដូចជាទិន្នន័យអំពីការបែងចែកតាមអាយុ អក្ខរភាព និងការអប់រំ ការធ្វើអន្តោប្រវេសន៍ និងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាជន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News