ដីព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋនៅខេត្តកំពង់ឆ្នាំងឈ្មួញកំពុងប្រើវិធីសាស្ត្រគ្រប់រូបភាពរំលោភយក

(កំពង់ឆ្នាំង ) ៖  ករណីការរំលោភបំពានដីធ្លីរបស់រដ្ឋពីសំណាក់ក្រុមឈ្មួញនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា មានការឃុបឃិតជាមួយមន្ត្រីមួយចំនួន ខិតខំប្រើគ្រប់វិធីសាស្ត្រ ដើម្បីក្លែងបន្លំឯកសារដើម្បីយកដីទាំងនោះទៅលក់ឲ្យក្រុមហ៊ុនឯកជន ក្រោមរូបភាពដីអាស្រ័យផលរបស់ប្រជាពលរដ្ឋដែលមានសុទ្ធតែព្រៃ។

អាជ្ញាធរខេត្តក្នុងរឿងនេះ បានចាត់ប្រធានមន្ទីរអធិការកិច្ចជាប្រធានក្រុមចម្រុះ ដើម្បីធ្វើការស្រាវជ្រាវ លើករណីនេះ តែក្រុមការងារដែលអនុវត្តន៍ច្បាប់ ក៏រងនូវសម្ពាធពីសំណាក់ក្រុមឈ្មួញ ដីដែលប្រើឥទ្ធិពលអ្នកមានអំណាចធំៗពីថ្នាក់លើដោយក្រុមឈ្មួញមួយចំនួនអះអាងថា ដីដែលគេឈូសឆាយនោះមានប័ណ្ណកម្មសិទ្ធិ ។

ពាក់ពន្ធ័ករណីកន្លងមកនេះ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា នៅក្នុងផ្ទៃដីទាំងនោះមួយចំនួនជារបស់ដីព្រៃបំរុងទុករបស់រដ្ឋ និងមួយចំណែកទៀតជាដីគម្របព្រៃឈើរបស់រដ្ឋបាលព្រៃឈើ ហើយក៏គ្មាននរណាម្នាក់ហ៊ានចេញប័ណ្ណកម្មសិទ្ធិឲ្យដែរ លោកក៏ឆ្ងល់ដែរថា បើជាដីបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ ហេតុម្ដេចក៍បានជាមានប័ណ្ណកម្មសិទ្ធិលើដីនោះវិញ ?

ប្រធានមន្ទីកសិក្មខេត្តបានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីជនខិលខូច រំលោភបំពានលើដីព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋដែលមានប្រមាណជាង ១០០០ ហិចតា នៅក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ដែលមានចំនួន ៣ភូមិ លោកនឹងមិនលើកលែងឡើយហើយលោកនិងអនុវត្តតាមច្បាប់។

ចំណែកប្រធានមន្ទីរអធិការកិច្ចលោក សោម សុជាតិតា ទទួលបទបញ្ជាពីអភិបាលខេត្ត ក្នុងការចុះស្រាវជ្រាវលើករណីនេះ បានបញ្ជាក់ថា ផ្ទៃដីដែលគេបានឈូសឆាយក្រោមលេស លើកជាផ្លូវមានប្រមាណជា ៥០ហិចតា នៅក្នុងតំបន់នោះ គឺសុទ្ធតែជាព្រៃ ដែលជាដីបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ មិនឃើញមានដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនោះឡើយ ហើយលោកនឹងបន្តស្រាវជ្រាវដើម្បីប្រមូលដីទាំងនោះមកទុកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ។

ទាក់ទងករណីខាងលើនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមជនខិលខូចមួយចំនួន ដែលបានឈូសឆាយរំលោភយកដីព្រៃសហគមន៍បម្រុងទុករបស់រដ្ឋស្ថិតនៅក្នុងភូមិត្រពាំងអំពិល ភូមិប្រស្និប ភូមិស្អំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីមានក្រុមឈ្មួញបានយកគ្រឿងចក្រទៅឈូសឆាយដីព្រៃសហគមន៍កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩។

ដីព្រៃសហគមន៍ដែលក្រុមឈ្មួញឈូសឆាយធ្វើជាកម្មសិទ្ធិ គឺមានប្រមាណជាង ១.០០០ហិកតា។
សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីដែលក្រុមឈ្មួញបានឈូសឆាយក្រោមរូបភាពធ្វើផ្លូវ ដើម្បីរំលោភយកដីសហគមន៍ គឺមានរយៈពេលយូរខែមកហើយដែលស្ថិតនៅក្នុងភូមិប្រស្និប ចំណុច”លោកតាមឺនគង់” ដែលដីសហគមន៍មានប្រមាណជាង ១០០០ ហិកតា “ព្រំប្រទល់ដែនព្រៃជម្រកទុកអចិន្ត្រៃយ៍ ស្ថិតនៅក្នុងស្រុករលាប្អៀរ “។

ប្រភពបានបង្ហើបថា ករណីនេះ គឺមានការពាក់ព័ន្ធជាមួយមន្ត្រីយោធា និងមនុស្សមួយចំនួនដែលបានឃុបឃិតគ្នា ក្នុងការយកគ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ ដើម្បីយកទៅពុះឡូត៍លក់។

ចំណែកលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់រស្មីកម្ពុជាថា ចំពោះករណីនេះ បានឲ្យមន្ត្រីជំនាញចុះមើលត្រួតពិនិត្យមើលទីតាំងដីព្រៃសហគមន៍នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ដោយលោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំបានជូនដំណឹងនេះ ទៅឯកឧត្តម អ៊ុង សំអាត ថានឹងអាចចុះមើលទីតាំង ព្រោះគាត់ទទួលបន្ទុកលេខាធិការដ្ឋាន អ្នកដែលកាប់ឈូសឆាយយកដីធ្លីនឹង គឺយើងនឹងអាចទៅត្រួតពិនិត្យមើល ហើយនិងអាចកសាងសំណុំរឿងទាក់ទងបញ្ហានេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស