ទូតជប៉ុនប្រចាំកម្ពុជា បញ្ចប់អាណត្តិ ជួបសំដែងការគួសម និងជំរាបលា អភិបាលរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ ក្នុងឪកាសជួបសំដែងការគួសម និងជំរាបលាលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី៨សីហា លោក Horinouchi Hidehisa ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិការទូតនៅកម្ពុជាបានលើកឡើងថា ខ្ញុំមានមោទនៈភាពក្នុងការបំពេញបេសកកម្មការ ទូតនៅកម្ពុជានៅពេល ដែលកម្ពុជា កំពុងបោះជំហានទៅរកការរីកចំរើនយ៉ាងឆាប់រហ័ស និង ស្របពេលដែលកម្ពុជាមានស្ថេរភាពនយោបាយ ពិសេសកំពុងទទួលបានអ្នកវិនិ យោគទុនមកពីគ្រប់ទិសទីដែលបានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើន ក្នុងនោះក៏មានរាជធានីភ្នំពេញ ទទួល បានការអភិវឌ្ឍន៏យ៉ាងលឿនផងដែរ។

លោក ឃួង ស្រេង បានលើកឡើងថា រាជធានីភ្នំពេញមានការរីកចំរើន ក៏ដោយសារមានការរួមចំណែក និងតួនាទីរបស់ជប៉ុនដែលបានជួយតាមរយៈអង្គការJICA បានធ្វើឲ្យរាជធានីភ្នំពេញ មានការប្រែ មុខមាត់ថ្មី។ កន្លងមកជប៉ុន បានជួយឧបត្ថម្ភដល់រាជធានីភ្នំពេញទាំងស្មារតី សម្ភារះ និងថវិកាដែលក្នុងនោះរួមមានគំរោងធំៗដែលជាជំនួយឥតសំណងរបស់មិត្តជប៉ុនរួមមាន គំរោងការពារ ទឹកជំនន់ ទាំង៤ជំហ៊ាន,គំរោងគ្រប់គ្រងប្រពន្ធ៍ចរាចរណ៏,គំរោងសាងសង់អាគារ សិក្សានិងការបណ្តុះបណ្តាលធនធានមនុស្សជាដើមដែលលទ្ធផលទាំងអស់នេះ ពិតជាមិនអាចកាត់ផ្តាច់ចេញពីតួនាទី និងរួមចំណែករបស់លោកឯកអគ្គរាជទូតបានឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News