ក្រសួង​ធនធាន​ទឹក​ជូនដំណឹង​ ពីភ្លៀងធ្លាក់ជាប់ៗគ្នា ចាប់ពីថ្ងៃទី២១​សីហា តទៅ ដោយសារប្រព័ន្ធសម្ពាធទាប (ITCZ) កំពុងអូសកាត់លើអាង​ ទន្លេមេគង្គ

(ភ្នំពេញ​) ៖​ ក្រសួងធនធានទឹក និងខតុនិយម​នៅថ្ងៃ​ពុធ​ទី២១សីហា​នេះបានចេញសេចក្តីជូនដំណឹង​ ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ​ ដោយ​បញ្ជាក់​ថា​ កាលពីវេលាម៉ោង០៧ ព្រឹក នាថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៩កន្លង​ មកនេះ មានប្រព័ន្ធសម្ពាធទាប(ITCZ) មួយ បានកើតឡើង និងកំពុងអូសកាត់លើអាង​ ទន្លេមេគង្គ ចាប់ពីប្រទេសវៀតណាមដល់ប្រទេសមីយ៉ាន់ម៉ា។

សេចក្តី​ជូន​ដំណឹង​បន្តថា​ ប្រព័ន្ធសម្ពាធទាបនេះ ក៏មានឥទ្ធិពលផងដែរទៅលើ​ ប្រទេសឡាវ ថៃ និងប្រទេសកម្ពុជា ពិសេសតំបន់ខ្ពង់រាបភាគឦសាន តំបន់ផ្ទៃរងទឹក​ ភ្លៀងនៃទន្លេសេកុងសេសាននិងទន្លេ​ស្រែពក ដោយបង្កឲ្យមានភ្លៀងធ្លាក់ជាប់ៗគ្នាក្នុងកម្រិតពីមធ្យម​ ទៅខ្លាំង ចាប់ពីថ្ងៃទី ២១​ ខែសីហា ឆ្នាំ ២០១៩ នេះតទៅ។

ការបញ្ជាក់​បែបនេះ​ បន្ទាប់ពីក្រុមអ្នកព្យាករ​ ក្រសួង​ធនធាន​ទឹក​បានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំរួចមក។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បានបញ្ជាក់ទៀតថា​ ការធ្លាក់ភ្លៀងខាងលើ នឹងធ្វើឲ្យទឹកទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមាន ៖
– ស្ថានីយជលសាស្រ្តស្ទឹងត្រែង ទឹកអាចឡើងដល់កម្ពស់ ៨,៥០ ម៉ែត្រ នៅទាបជាងកម្រិតកម្ពស់ត្រវប្រុងប្រយ័ត្ន (កម្ពស់ប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ) ។
– ស្ថានីយជលសាស្ត្រក្រចេះ ទឹកអាចឡើងដល់កម្ពស់ ១៨,៥០ ម៉ែត្រ នៅទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន (កម្ពស់ប្រុងប្រយ័ត្ន ២ ២
,០០ ម៉ែត្រ) ។
– ស្ថានីយជលសាស្ត្រកំពង់ចាម ទឹកអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត្រ នៅទាបជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន (កម្ពស់ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ) ។ រីឯនៅទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ទឹកបន្តឡើងជាបន្តបន្ទាប់ ។

ជារួមស្ថានភាពទឹកទន្លេឡើងក្នុងពេលនេះ អាចចាត់ចូលជាការហក់ឡើងអតិបរមាលើកទី ១ ។ ជាទូទៅ ទឹកទន្លេមេគង្គ តែងតែហក់ឡើង ២ ដង ក្នុងមួយឆ្នាំៗ ដែលហៅថា អតិបរមាលើកទី១ និងអតិបរមាលើកទី២ ។

ក្នុង​សេចក្តី​ជូន​ដំណឹង​បានស្នេីសូមដល់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាកសិករ ដែលប្រកបរបរកសិកម្មនៅអមសងខាងទន្លេទាំងអស់
រួសរាន់ក្នុងការប្រមូលកសិផល និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស