ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ ដោយលើកសំណើជាច្រើន ជំរុញឲ្យ​មានការដោះស្រាយ

(ភ្នំពេញ) ៖  ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ នាព្រឹកថ្ងៃទី២១ សីហា ដោយមានការអញ្ជើញចូលរួមពីលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៩។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ក្រុមប្រឹក្សារាជធានីភ្នំពេញ បានបង្កើតឲ្យមានក្រុមផែនជំនាញចំនួន៥ក្រុម ដែលជាផែនផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ដែលផែននីមួយៗ មានភារកិច្ចទទួលខុសត្រូវពិនិត្យកែសម្រួ​លខ្លឹមសារ ដែលបានស្នើឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ និងបង្កឲ្យមានភាពងាយស្រួលមិនចំណាយពេលវេលាច្រើនលើការត្រួតពិនិត្យខ្លឹមសារ។

សមាជិកក្រុមជំនាញទាំង៥ បានលើកឡើងនូវសំណើ និងសំណូមពរជាច្រើនចំណុចពាក់ពន្ធ័នឹងបញ្ហាសំរាមនៅជាប់របងសាលារៀន ដោយសុំឲ្យមានការដោះស្រាយតាមរយៈការជំរុញការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយថែមទៀត និងវិធានការផាកពិន័យ លើអ្នកបោះសំរាមចោលផ្តេសផ្តាស។ សុំធ្វើរបាយការណ៍ឲ្យមានលក្ខណៈប្រមូលផ្តុំបញ្ជាក់ពីលទ្ធផល ដែលយើងខិតខំធ្វើបាន។ សំណើជំរុញការបើកវគ្គបណ្តុះបណ្តាល និងប្រឡងយកបណ្ណ័បើកបរសម្រាប់​អ្នករត់ម៉ូតូកង់៣ ធ្វើឲ្យពួកគេចេះច្បាប់បើកបរក្នុងពេលអ្នកដំណើរផ្ញើវាសនាលើអ្នកបើកបរ។

សមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេញ ក៏បានលើកឡើងពីការជំរុញការត្រួតពិនិត្យបច្ចេកទេស លើការរក្សាទុកដាក់ហ្គាស និងឥន្ទនៈជៀសវាងកើតមានហានីភ័យដោយអគ្គីភយ័។ សមាជិកក្រុមប្រឹក្សា ក៏បានចាប់អារម្មណ៍រឿងព្រះសង្ឃក្លែងក្លាយផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស