មេទ័ពកម្ពុជា-ឡាវ ជួបគ្នារឿងដកទ័ពថ្ងៃទី២៦ ខែសីហា នេះ

(ភ្នំពេញ) ៖ មេបញ្ជាការកងពលតូចលេខ៩ និងមេបញ្ជាការយោធាខេត្តព្រះវិហារ នឹងជួបចរចាជាមួយអង្គភាពយោធាខេត្តចាំប៉ាសាក់ របស់ប្រទេសឡាវ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នេះ ដើម្បីដកកម្លាំងចេញឲ្យផុតពីព្រំដែនដែលមានការស្មុគស្មាញ ស្ថិតនៅតំបន់ទន្លេល្ពៅ។

ការជួបគ្នានេះ គឺផ្អែកតាមការឯកភាពរវាងនាយកមន្ត្រីទាំងពីរ កម្ពុជា-ឡាវ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ថាដកកម្លាំងចេញផុតពីចំណុចស្មុគស្មាញនៅព្រំដែនភូមិសាស្ត្រ ម៉ោងមុនឡាក់ ប៉ាកមោគ ខេត្តចាំប៉ាសាក់ និងផ្អែកតាមការឯកភាពរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លេខ ៣៥៩៦/ក.ប៉.ថ ចុះថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៩ ថា ការតែងតាំងគណៈកម្មការចូលជួបដោះស្រាយបញ្ហាស្មុគស្មាញតាម
បណ្តោយព្រំដែនឡាវ-កម្ពុជា នៅប៉ុស្តិ៍កន្ទុយកោះស្មៅ បង្គោល ០២៤ ស្ថិតក្នុងទឹកដីឡាវ។
គណៈប្រតិភូចូលរួម ភាគីនីមួយៗ មិនអោយលើសពី១០រូប។

ការជួបចរចាគ្នារវាងភាគីកម្ពុជា-ឡាវ ដើម្បីពិភាក្សាកំណត់ការដកកងកម្លាំងទ័ពចេញផុតពីព្រំដែន នៅចំណុចដែលស្មុគស្មាញ និយាមការ (៧៩-២៣) ។

តាមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ គឺលោកឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពលតូចលេខ៩ របស់​កម្ពុជា បាន​ជួបចរចាគ្នា​ជាមួយភាគីឡាវ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ដើម្បីកំណត់ពេល​វេលាឲ្យកងកម្លាំងទាំង​ពីរដកចេញពីកន្លែងឈរជើងនៅចំនុចទន្លេល្ពៅក្នុងតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទៅ​កាន់​អង្គភាព​ដើមវិញ។

​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​មាន​ប្រសាសន៍​ថា តាមបញ្ជារបស់នាយករដ្ឋមន្ត្រីទាំងពីរ (កម្ពុជា-ឡាវ) គឺបានឲ្យមេបញ្ជាការនៅជួរមុខជួបគ្នាគោលការណ៍សំខាន់ គឺបញ្ហាតែមួយទេ ឯកភាពគ្នាកំណត់ថេរៈវេលាឲ្យកម្លាំងទាំងពីរចាក​ចេញពីនៅចំនុចទន្លេល្ពៅក្នុងតំបន់មុំបី ទៅ​អង្គភាព​ដើម​វិញ។ ដោយកិច្ចការងារនេះ បាន​ទទួលបញ្ជាពីនាយករដ្ឋមន្ត្រីទាំងពីរ​ហើយ។

​ប្រមុខការពារ​ជាតិកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះ​ថា “ជំនួប គឺជំនួបហើយ ឥឡូវ​គេបន្ត​ធ្វើ​ឲ្យ​បាន​ម៉ត់ចត់ ដូច្នេះភាគីទាំង​ពីរនឹងបន្តធ្វើការជួបគ្នាបាន​ចប់​ហើយ គឺ​គ្មាន​ច្រកណាក្រៅពីអនុវត្ត​តាមបទបញ្ជារបស់​នាយករដ្ឋមន្ត្រីទេ ក៏ប៉ុន្តែ​គេរៀបចំ​ព្រាងលិខិតស្នាមបញ្ជាក់​អះអាង​ឲ្យមានភាព​ជាក់​លាក់បន្ថែម​ទៀត​នៅពេល​ជួប​គ្នានៅ​ពេល​ក្រោយ។ តិចទៀតបានសម្រេចកំណត់ថេរៈវេលាច្បាស់លាស់​ជាមួយគ្នា។ ជំនួបនេះ គឺផ្តោតសំខាន់ទៅការដកកម្លាំង​ទាំង​សងខាង​ទៅអង្គភាពដើមវិញ តែ​ដកនឹងគេមិនទាន់​ធ្វើភ្លាមទេ គឺត្រូវ​មានជាលាយលក្ខអក្សរ​ដើម្បីបញ្ជាក់ រួច​ហើយ​ឈាន​មួយជំហាន​ទើប​បានចប់”។
​សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា ចំពោះស្ថានភាព​ព្រំដែនកម្ពុជា ឡាវ គឺមានភាព​ល្អ​ប្រសើរ ពីព្រោះថ្នាក់ដឹកនាំកំពូល​នៃ​ប្រទេសទាំង​ពីរ​បាន​ជួប​ឯកភាពគ្នាហើយ គឺ​ត្រូវ​តែ​អនុវត្ត​តាមបទបញ្ជាដ៏ម៉ឹងម៉ាត់បំផុត។

​ចំណែកសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា ឡាវ សម្តេច​បាន​ជួប​ជាមួយ​មេបញ្ជាការ​កងពលទតូចលេខ​៩ និង​ជួបជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ បានពិភាក្សាគ្នា​ទាក់ទង​រឿង​ព្រំដែន​។ ដោយសម្តេចបានបញ្ជា​ឲ្យ​មេបញ្ជាការ​នៅខាងមុខ ​ដើម្បី​ជួបគ្នា​សម្រាប់​ការដក​ទ័ព​រៀងៗ​ខ្លួន​។ ការបញ្ជាក់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រីគឺ​នៅក្នុង​គ្រុប​អេឡិចត្រូនិក “​សភា​ព្រោកប្រាជ្ញ​” កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០១៩​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ដោយសារ​ផ្តើម​ពីប្រជាពលរដ្ឋ​ខ្មែរយើង​ម្នាក់ ទៅ​បង្កបង្កើនផល​នៅក្នុង​ដី​ដែល​មិនទាន់​ដោះស្រាយ​នឹង ហើយ​គេ​ក៏​មក​ដក រួចហើយ​គេ​ក៏​ល្បាត គេ​ក៏​បញ្ជូន​កម្លាំង​មក​ចាប់ពី ពី​នាក់ ឡើងដល់ ៦០​នាក់ ហើយ​យើង​ក៏​ទៅ​ទប់​នៅ​កន្លែង​នឹង ហើយក៏​ទាក់ ទង គ្នា​រាល់ ថ្ងៃ ទេ​។ …​ទាហាន​និង​ទាហាន​នៅតាម​ទល់ដែន​វា​មាន​ស្អី ជាមួយគ្នា ។​ស៊ី​បាយ​ជាមួយគ្នា​ទល់មុខ​គ្នា​នៅ​នឹង​”​។
សម្តេច​តេ​ជោ​បានបញ្ជាក់ ថា នៅ​ពាក់កណ្តាល ខែកញ្ញា នាយករដ្ឋមន្ត្រីឡាវ​មកទស្សនកិច្ច​នៅ​កម្ពុជាដើម្បីធ្វើ​បន្ត​កិច្ចការងារ​ទាក់ទង​នឹង​រឿង​ព្រំដែន។

សូមជម្រាបថា សូមជម្រាបថា កងទ័ពឡាវចំណុះឲ្យយោធាខេត្តចម្ប៉ាសាក់ ស្ថិតនៅទល់មុខភូមិខ្លឹម ឃុំភ្លុក ស្រុកមឿងមុន ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ បានចូលមកតំបន់ទន្លេល្ពៅ តាំងពី​ថ្ងៃទី១៤ ខែសីហា រហូតមក​ដល់ថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០១៩។ បន្ទាប់ពីមានបញ្ហា ភាគីទាំងកម្ពុជា និង​ឡាវ បានចរចាគ្នាដើម្បីដោះ​ស្រាយកុំឲ្យមានភាពតានតឹង ដោយភាគីកម្ពុជាបានសំណូម​ពរ​ឲ្យភាគីឡាវ ដកកម្លាំងចេញពីទីតាំង​ដែល​បាន​ឈរ​ជើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស