លោក ហ៊ុន ម៉ាណែត ៖ អ្នកនយោបាយមួយចំនួនទៅសុំឲ្យបរទេសផ្តាច់ជំនួយធ្វើបាបខ្មែរឲ្យខ្មែរវេទនា

(ភ្នំពេញ) ៖  លោក ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន គឺចង់បានសេចក្តីសុខ ព្រោះប្រជាពលរដ្ឋចង់បានមេដឹកនាំដែលដឹកនាំមានសេចក្តីសុខ ដែលខិតខំចរចាជាមួយបរទេសសុំឲ្យគេមកវិនិយោគ បង្កើតការងារឱ្យកូនចៅប្រជាពលរដ្ឋ ខុសពីអ្នកនយោបាយមួយចំនួនទៅសុំឲ្យបរទេសផ្តាច់ជំនួយធ្វើបាបខ្មែរឲ្យខ្មែរវេទនា។ដូច្នេះយើងរួមគ្នាថែរក្សាសុខសន្តិភាព និងកសាងសមិទ្ធផលបន្ថែមទៀត។

ការថ្លែងរបស់លោកហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងវត្តរុក្ខាមនោរម្យ ស្ថិតក្នុងឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។

ជាមួយគ្នានេះ លោកហ៊ុន ម៉ាណែត សូមឲ្យប្រជាពលរដ្ឋជឿទុកចិត្តចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុនសែន ។ ដរាបណាលោកនឹងដឹកនាំប្រទេស គឺនៅតែការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ បន្តជួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងផ្ដល់ឱកាសសិក្សារៀនសូត្រដល់កូនចៅប្រជាពលរដ្ឋ។

លោកបានលើកឡើងថា ប្រជាពលរដ្ឋមានសេចក្តីសុខពីរ គឺសេចក្តីសុខផ្លូវកាយ និងសេចក្តីសុខផ្លូវចិត្ត សេចក្តីសុខផ្លូវការគឺយើងរស់នៅដោយមិនមានការកាប់សម្លាប់គ្នា សេចក្តីសុខផ្លូវចិត្តគឺយើងមានសិទ្ធិសេរីភាព ប្រជាពលរដ្ឋមានជីវភាពកាន់តែមានបាន។ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាព រួមគ្នាអភិវឌ្ឍបន្ថែមទៀតដើម្បីអនាគតយើង និងកូនចៅយើង។

លោកហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណដល់បងប្អូនកងទ័ពរបស់យើងដែលបានការពារបូរណភាពទឹកដី ហើយយើងខិតខំដោះស្រាយបញ្ហាដើម្បីបម្រើជាតិ ទុកឱកាសឱ្យប្រជាពលរដ្ឋរស់នៅបានសប្បាយរីករាយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស