ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អញ្ជើញដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបៃ (Noi Bai) រដ្ឋធានីហាណូយ ប្រទេសវៀតណាម ដោយសុវត្ថិភាព នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។


ការទៅដល់នៃព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនេះ គឺមានការអញ្ជើញទទួលស្វាគមន៍ពីលោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម និងលោកស្រី Le Hoang Yen អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡាវៀតណាម។


ភ្លើងគប់នេះ ត្រូវបានដង្ហែយកទៅរក្សាទុកនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅរដ្ឋធានីហាណូយ ជុំវិញបឹង Ho Guom ជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ៕

ដោយ៖ សំណាង
រូបថត៖ ខឹម សុវណ្ណារ៉ា

