ក្រសួងធនធានទឹក ជូនដំណឹងបន្ថែមស្តីពី ឥទ្ធិពលរបស់ព្យុះទី១២ ឈ្មោះ ប៉ូឌុល

(ភ្នំពេញ) ៖ បន្ទាប់ពីបានធ្វើការពិនិត្យ តាមដាន លើស្ថានភាពអាកាសធាតុរួចមក ក្រសួង ធនធានទឹក និង ឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា៖ ព្យុះទី ១២ ឈ្មោះប៉ូឌុល ( PODUL ) ដែលបានកើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៩ បានរំកិលខ្លួនឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយនៅវេលារំលងអធ្រាតឈានចូលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ នេះ ព្យុះប៉ូឌុល បានធ្វើដំណើរមកដល់តំបន់ឆ្នេរប្រទេសវៀតណាមភាគកណ្តាល ។

យោងតាមការព្យាករ ឥទ្ធិពលរបស់ព្យុះប៉ូឌុល នឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៣០ ខែសីហា ដល់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ មានស្ថានភាពដូចខាងក្រោម ៖

– បណ្តាខេត្តនៅតំបន់ឆ្នេរ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ។ នៅលើលំហសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ ។

– តំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងបណ្តាខេត្តស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ។

– រាជធានី និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ។

ឥទ្ធិពលរបស់ព្យុះ ប៉ូឌុល នឹងបង្កឲ្យមានភ្លៀងធ្លាក់ច្រើនផងដែរ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ នឹងបង្កឲ្យទឹកទន្លេហក់ឡើងជាថ្មីម្តងទៀត ។ យោងតាមការព្យាករ ទឹកទន្លេមេគង្គ អាចនឹងហក់ឡើងដល់ ៖

– ស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង៖ ទឹកអាចកើនឡើងដល់កម្ពស់ ១០,៥០ ម៉ែត្រ ( កម្ពស់ ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ )
– ស្ថានីយជលសាស្ត្រខេត្តក្រចេះ៖ ទឹកអាចកើនឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ )
– ស្ថានីយជលសាស្ត្រខេត្តកំពង់ចាម៖ ទឹកអាចកើនឡើងដល់កម្ពស់ ១៣,៥០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ )

ស្ថានីយជលសាស្ត្រ បាសាក់ ចតុមុខ នៅរាជធានីភ្នំពេញ៖ ទឹកអាចកើនឡើងដល់កម្ពស់ ៨,០០ ម៉ែត្រ ( កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៥០ ម៉ែត្រ )

ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានលើស្ថានភាពអាកាសធាតុនេះ និងស្ថានភាពទឹកទន្លេជាប់ជាប្រចាំ ហើយនឹងធ្វើការជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណី ចាំបាច់ ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជានេសាទសមុទ្រ ជ្រាបជាព័ត៌មាន និងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស