នាយករដ្ឋមន្រ្តីកម្ពុជា​ នឹងចុះចេញពីដំណែង បើចាប់មេចលនាប្រឆាំងក្រៅច្បាប់ មិនបានក្នុងរយៈ ពេល២៤ម៉ោង

(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បានប្រកាសភ្នាល់ជាមួយមេចលនាប្រឆាំងក្រៅច្បាប់ សម រង្ស៊ី ប្រសិនបើហ៊ានចូលមកប្រទេសកម្ពុជាវិញ នឹងត្រូវចាប់ខ្លួនភ្លាម បើមិនដូច្នោះទេ សម្តេចតេជោ សុខចិត្តចុះចេញពីតំណែងភ្លាម។

នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៌មាន Fresh News នាព្រឹកនេះសម្តេចតេជោ បានមានប្រសាសន៍ថា «ខ្ញុំ(សម្ដេចតេជោ ហ៊ុន សែន ) យល់ព្រមទទួលការភ្នាល់ជាមួយ អាម្សៀ រង្ស៊ី ប្រសិនបើអ្នកឯងជាន់ទឹកដីខ្មែរនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ហើយ ខ្ញុំចាប់អ្នកឯងមិនបានក្នុងរយៈពេល២៤ម៉ោង ខ្ញុំនឹងសុខចិត្តចុះចេញពីតំណែង។ ប៉ុន្តែបើខ្ញុំចាប់ខ្លួនអ្នកឯងបានវិញ អ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ ព្រមទាំងរំលាយអង្គការចាត់តាំងទាំងឡាយណា ដែលអ្នកឯងបានបង្កើតឡើង»

ផ្ទុយទៅវិញប្រសិនបើអ្នកឯងមិនក្លាហានហ៊ានចូលមកកម្ពុជាវិញទេ នោះអ្នកឯងនឹងត្រូវបញ្ចប់ជីវិតនយោបាយ និងរំលាយអង្គការចាត់តាំងដែលអ្នកឯងបង្កើត។ តើអ្នកឯងហ៊ាន ឬមិនហ៊ានចំពោះការភ្នាល់នេះ?
«ចំណុចមួយទៀតលើការស្បថ ប្រសិនបើអ្នកណាម្នាក់មិនគោរពលើការសន្យានៃការភ្នាល់នេះ ខ្ញុំសូមឲ្យវត្ថុស័ក្តិសិទ្ធិលើលោកផ្តាច់ជីវិតអ្នកដែលមិនគោរពការសន្យា និងក្រុមគ្រួសារទាំងពូជតែម្តង។ តើអ្នកឯងហ៊ាន ឬមិនហ៊ាន ? ចំពោះការភ្នាល់នេះខ្ញុំសូមប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសធ្វើជាសាក្សីចំពោះការភ្នាល់ និងសូមឲ្យ Fresh News ធ្វើជាអ្នកផ្សព្វផ្សាយលើការភ្នាល់នេះ»

ការយល់ព្រមទទួលភ្នាល់របស់សម្តេចតេជោ ធ្វើឡើងក្រោយពីមេចលនាប្រឆាំងក្រៅច្បាប់បានសរសេរសារបង្ហោះតាម Facebook ថា «បើលោក ហ៊ុន សែន មិនជឿថាខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញមែន នៅថ្ងៃ០៩ វិច្ឆិកា ២០១៩ នេះទេ តើលោក ហ៊ុន សែន យល់ព្រម ចុះចេញពីតំណែង ភ្លាមមួយរំពេចទេ នៅពេលដែលខ្ញុំមកជាន់ទឹកដីប្រទេសកម្ពុជាយ៉ាងជាក់ស្តែង នៅថ្ងៃ០៩ វិច្ឆិកា ២០១៩ ខាងមុខនេះ?»

មក​ដល់​ពេល​នេះមេចលនាប្រឆាំងក្រៅច្បាប់ សម រង្ស៊ី កំពុង​ជាប់​ពាក្យ​បណ្ដឹង នៅ​តុលាការ​កម្ពុជា ជាង​១០​បណ្ដឹង ។ បណ្ដឹង​ទាំងនោះ គឺ​បទ​ចោទ​ញុះញង់​ឱ្យ​មានការ​រើសអើង ញុះញង់​កងទ័ព​មិន​ឱ្យ​ស្ដាប់​បញ្ជា ញុះញង់​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍ ទិញ​ចំនួន​ឡៃ (Like) ហ្វេសប៊ុក ជាដើម​។ បណ្ដឹង​ទាំងនោះ សុទ្ធតែ​ប្ដឹង​ឱ្យ​ចាប់ខ្លួន លោក សម រង្ស៊ី និង​សងជំងឺចិត្ត រាប់​ម៉ឺន​ដុល្លារ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស