កសិករស្រុកស្វាយជ្រុំនៅមិនទាន់អាចផលិតពូជបន្លែដាំដោយខ្លួនឯង

(ស្វាយរៀង) ៖ កសិករភាគច្រើន មិនអាចផលិតពូជបន្លែក្នុងស្រុកដាំដោយខ្លួនឯងបានទេ  ដោយសារ​​តែកត្តា​អាកា​ស​ធាតុមិនអំណោយផល កត្តាសត្វចង្រៃស៊ី កត្តាទិន្នផលតិច ព្រមទាំងទ្រង់​ទ្រាយ​បន្លែ​មិន​សូវ​ល្អ​ផង​ដែរ។ នេះ​បើតាមការ​អះ​អាងរបស់កសិករមួយចំនួននៅខេត្តស្វាយរៀង។

ជាក់ស្តែងកសិករនៅក្នុងស្រុកស្វាយជ្រុំ នៃខេត្តស្វាយរៀង បានសម្រេចចិត្ត​ជ្រើស​រើស​ពូជ​បន្លែ​នាំ​ចូល​ពីក្រៅប្រទេស ព្រោះវាមានតម្លៃថោក អាចរក្សាទុកបានយូរ ផ្តល់ទិន្នផលច្រើន ទ្រង់​ទ្រាយ​បន្លែល្អ នឹងពូជសុទ្ធផងដែរ។ នេះបើតាមអ្នកស្រីម៉ៅ ស៊ីថា ប្រធាន​សហគមន៍​ផ្គត់​ផ្គង់​កសិ​ផល​​ស្វាយ​រៀងហៅកាត់ថាSAC។

« កត្តាដែលយើងមិនអាចផលិតពូជបាន គឺទី១ពូជ​យើង​ទិញពីខាងក្រៅមក​ យកមកដាំហើយ ហើយនៅពេលដែលយើងទុកយូរទៅ យើងយកទៅ​ដាំ​លើក​ទី២ទៀត [គឺ] អត់ផ្លែ វាទៅជាអញ្ចេះវិញ។ ចាស! ចាំបាច់ត្រូវតែនាំពូជពីក្រៅមកវិញ ពូជ​យើង​ទុក​ខ្លួនឯង វាមានប្រភេទមួយចំនួនដែលយើងទុកបាន តែប្រភេទបន្លែមួយចំនួនទៀត​យើង​អត់​អាចទុកពូជបានខ្លួនឯងបានទេ»។  

បើទោះបីជាកសិករនៅក្នុងស្រុកស្វាយជ្រុំ កំពុងប្រើប្រាស់ពូជបន្លែនាំចូលពីក្រៅប្រទេស​យ៉ាង​ណា​ក្តី  ប៉ុន្តែ​ពួកគាត់​អំពាវនាវឱ្យអ្នកជំនាញនៅប្រទេសកម្ពុជា ចុះធ្វើការស្រាវជ្រាវ ដើម្បី​​ផលិត​ពូជ​បន្លែក្នុងស្រុកដោយខ្លួនឯង។ នេះបើតាមអ្នកស្រី រាជ្យ យ៉ាន់ កសិករ​ស្រុក​ស្វាយ​ជ្រុំ។

«បើខ្មែរយើងផលិតពូជដោយខ្លួនឯងបាន គឺយករបស់ខ្មែរយើង ព្រោះអីខ្មែរយើងផលិតបានល្អដែរ ដូច្នេះយើងដាំទៅ ដាំបានដូចតែគ្នា»។

ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសដែលបាននាំចូលពូជបន្លែមកកម្ពុជា ជាញឹមញាប់មានដូចជា៖ ​​

ប្រទេសវៀតណាម ថៃ និង​ជប៉ុន។  ដែលក្នុងនោះមានពូជបន្លែ ត្រសក់ ម្រះ ត្រឡាច ល្ពៅ ននោង

សណ្តែកគួរ ស្ពៃ​គ្រប់មុខ រួមទាំងបន្លែជាច្រើនទៀតផងដែរ។ នេះបើតាមអ្នកស្រី សរ សុភី បុគ្គ​លិក​ផ្នែក​លក់​ពូជ​បន្លែ​​នៃ​សហគមន៍​ផ្គត់​ផ្គង់​កសិ​ផល​​ស្វាយ​រៀង។

«ពូជខ្លួនឯងដូចខ្ញុំនិយាយ(អ៊ី)ចឹងគឺមានតែ​​ស្លឹកគ្រៃ ម្តេញ រមៀតហ្នឹងគឺខ្លួនឯងសុទ្ធតែម្តងហើយនឹងកន្ទឹម ជីគ្រប់មុខអីហ្នឹងអាហ្នឹងយើងបំបែក កូនៗ ខ្លួនឯងតែម្តង។ តែបើគ្រាប់ដូចជាត្រសក់ ម្រះអីហ្នឹង គឺគាត់ត្រូវទិញគេ សណ្តែកគួរអីៗហ្នឹង»។   

ជុំវិញរឿងនេះ បណ្តា​អ្នកពាក់ព័ន្ធក្នុងវិស័យកសិកម្ម កំពុងស្វែងរកដំណោះស្រាយ ដើម្បី​អាច​ផលិត​ពូជបន្លែក្នុងស្រុកឱ្យមានគុណភាពល្អ។

ជាក់ស្តែងកន្លងមក មន្ទីរកសិម្មខេត្តបានធ្វើការផ្សព្វផ្សាយទៅដល់សហគមន៍ ពាក់ព័ន្ធ​នឹងការរក្សា​ទុក​ពូជបន្លែដាំដោយខ្លួនឯង ប៉ុន្តែការព្វផ្សាយនេះ ត្រូវបានកសិករច្រានចោល។ នេះ​បើ​តាម​លោក​ស្រីពៅ ធីតា អនុប្រធានមន្ទីរកសិកម្ម​ខេត្ត​ស្វាយ​រៀង។

«និយាយរួមដូចបងថា (អ៊ី)ចឹង អាកម្តៅបរិយាកាស ឥឡូវវាប្រែប្រួលអត់បានល្អអញ្ចឹង។ (អ៊ី)ចឹង ទុកទៅហាលទៅវាមិនស្ងួត វាដុះផ្សិត វាដុះអី ហើយ យើងអត់ទាន់មានអាការវេចខ្ទប់អីវ៉ាន់ ឱ្យបានត្រឹមត្រូវដូចគេអញ្ចឹង វ៉ៃផ្លាក វ៉ៃអីឱ្យបានត្រឹមត្រូវ ដល់ម្លោះហើយអញ្ចឹងយើងមិនទាន់ថាសម្រេចចិត្តថាទុកដាំខ្លួនឯងនោះទេ។ កាលមុន កសិករ យើងគាត់ទុកដូចជា ននោង(អ៊ី)ចឹង​​ គាត់ទុំអញ្ចឹង គាត់បេះយកភ្ជួរនៅឯកន្លែងចង្ក្រានបាយ ចង្ក្រានអីអញ្ចឹង ការពារសត្វល្អិតចុះ» 

ជាមួយគ្នានេះ មន្ទីរកសិកម្មខេត្តស្វាយរៀង នៅមិនទាន់គិតគូរ​អំពីការ​បណ្តុះប​ណ្តាល​បច្ចេក​ទេស​ពាក់ព័ន្ធនឹងការផលិតពូជបន្លែក្នុងស្រុកនៅឡើយទេ ខណៈការនាំចូលពូជបន្លែ​ក្រៅប្រទេស​កំពុង​តែពេញនិយមខ្លាំងក្នុងការដាំពីប្រជាកសិករ។ នេះបើតាម​លោក​​ស្រី​អនុ​ប្រធានមន្ទីរកសិកម្ម​ខេត្ត​ស្វាយ​រៀង។

ដោយមើលឃើញពីការចំណាយថវិការច្រើន ទៅលើការទិញពូជបន្លែនាំចូលរបស់កសិករ​នា​

ពេល​​បច្ចុប្បន្ន អង្គការGRET បានចាប់ផ្តើមគម្រោងសាកល្បងបណ្តុះបណ្តាលកសិករពី​របៀប​

រក្សា​ពូជ​បន្លែក្នុងស្រុក ឱ្យមានគុណភាពល្អ។ នេះបើតាមលោកទូច សុខារិទ្ធ ប្រធានគ្រប់​គ្រង​ គម្រោងនៃអង្គការGRET។

«ដូចគម្រោងខាងGRETនៅសៀមរាប(អ៊ី)ចឹង! យើងមានកសិករមួយក្រុមប្រហែលជា៤ទៅ១០នាក់ អ្នកដែលយើងបង្រៀនពីបច្ចេកទេសទុកដាក់ពូជ។ ហើយពូជភាគច្រើនគាត់ទុកបានតែពពួកផ្លែទេ ហើយពពួកស្លឹកវាពិបាកទុកបន្តិច ទាមទារពេលយូរបន្តិច ពួកស្ពៃ ពួកសាឡាត់ ពួកអ៊ីហ្នឹង។ តែបើពពួកផ្លែគាត់ធ្លាប់មានបទពិសោធន៍គាត់ធ្លាប់ទុកពីមុនៗមក យើងគ្រាន់តែជួយកែកុនថាតើអាការទុករបស់គាត់វាល្អឬអត់? ហើយនីតិវិធីនៃការប្រមូលផលគាត់ប្រមូលត្រឹមត្រូវអត់ យកទៅហាលយកទៅអីហ្នឹងត្រឹមត្រូវឬអត់? យើងបង្រៀនគាត់ ប៉ុន្តែមិនមែនជាលក្ខណៈទ្រង់ទ្រាយធំនោះទេ»។

បើតាមលោកប្រធានគម្រោងនៃអង្គការGRET ការប្រើប្រាស់ពូជបន្លែនាំចូល បានធ្វើឱ្យកសិករ ខាតបង់ថវិការទិញពូជបន្លែ១គុណនិង២ ខណៈការចំណាយនោះ មិន​ត្រូវបានរាប់​បញ្ចូល​ទៅ​លើ​ថ្លៃ​ទិញ​​ជី ថ្នាំគីមី ថ្លៃកម្លាំងពលកម្ម និងថ្លៃដឹកជញ្ជូនជាដើម។

«គាត់ត្រូវចំណាយលុយទិញ ព្រោះក្រុមហ៊ុនគេផលិតពូជ គេមែនឱ្យយើងទិញពូជម្តងហ្នឹងអាចទុកបាននោះទេគេលក់ពូជបង្កាត់រួចហើយ អាពូជហាយព្រិច​(Hybrid)(អ៊ី)ចឹងយើងដាំបានតែមួយសារ (អ៊ី)ចឹង សារក្រោយចង់ដាំអញ្ចឹងត្រូវតែទៅទិញទៀត(អ៊ី)ចឹង ធម្មតាវាអាចបាត់បង់គេហៅថា [ឧទាហរណ៍]បើបានប្រាក់ចំណេញគាត់បាន១០ (អ៊ី)ចឹង គាត់ត្រូវចំណាយទៅលើការទិញពូជអស់ប៉ុន្មានភាគបាត់ទៅហើយ ហើយប្រសិនគាត់ចំណាយទៅលើជីថែមថ្នាំ។ល។និង។ល។ទៀត គឺត្រូវចំណាយទ្វេដង។ ហើយបើអាទាំងអស់ហ្នឹងគាត់អាចមានខ្លះក៏វាអាចជួយទប់ដែរ​» 

សូមបញ្ជាក់ថា សម្រាប់ស្រុកស្វាយជ្រុំ នៃខេត្តស្វាយរៀង បានសម្រេចជោគជ័យនៅ​ក្នុង​ការ​ផលិត​ពូជស្រូវឱ្យមានគុណភាពល្អ។  ប៉ុន្តែចំពោះពូជ​បន្លែ​នៅ​ក្នុង​ស្រុក​ស្វាយ​ជ្រុំវិញ គឺត្រូវទាម​ទាម​ការនាំចូលពីប្រទេសជិតខាង ខណៈកម្ពុជានៅមិនទាន់មានលទ្ធ​ភាពអាចផលិត​ពូជ​បន្លែ​ដោយ​ខ្លួនឯងនៅឡើយទេ។ នេះបើតាមមេឃុំស្វាយជ្រុំលោកកែវ ហាន។

បើទោះបីជាយ៉ាងនេះក្តី នៅមានអង្គការមួយចំនួនទៀត កំពុងចាប់ផ្តើមគម្រោងសាកល្បងផ្តល់​បច្ចេក​ទេស​ពីរបៀបរក្សាទុកពូជបន្លែក្នុងស្រុកឱ្យមានគុណភាពល្អ៕

 អត្ថបទដោយ ៖ លក្ខណា 

 

   

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស