ភ្នំពេញ៖ ខ្សែប្រយុទ្ធ កែវ សុខផេង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ដោយសារកត្ដារបួសរាំរ៉ៃ មិនអាចបន្ដការប្រកួតប្រជែងទៀតបាន ក៏ដូចជាការចង់ផ្ដល់ឱកាសឲ្យសិស្សប្អូនជំនាន់ក្រោយបានបង្ហាញសមត្ថភាពវិញម្តង។ នេះបើតាមការបង្ហោះរបស់ក្លិបបាល់ទាត់វិសាខា កាលពីថ្ងៃពុធទី០៥ ខែមេសា ម្សិលម៉ិញនេះ។

យោងតាមការបង្ហោះសាររបស់ក្លិបបាល់ទាត់វិសាខា កីឡាករ កែវ សុខផេង បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយ ចាប់ពីថ្ងៃនេះតទៅ ។ ការសម្រេចព្យួរស្បែកជើងពីអាជីពលើសមរភូមិវាលស្មៅនេះ ដោយសារកត្ដារបួសរាំរ៉ៃ មិនអាចបន្ដការប្រកួតប្រជែងទៀតបាន ក៏ដូចជាការចង់ផ្ដល់ឱកាសឲ្យសិស្សប្អូនជំនាន់ក្រោយបានបង្ហាញសមត្ថភាព និងជួយក្លិប។

សូមជម្រាបផងដែរថា កីឡាករ កែវ សុខផេង កើតនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ១៩៩២ នៅភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខផេង កំពុងលេងឱ្យក្លឹប វិសាខា ហើយក៏ជាកីឡាករជម្រើសជាតិផងដែរ។ ជាប្អូនប្រុសបង្កើតរបស់កីឡាករ កែវ សុខង៉ន ដែលក៏ជាអតីតកីឡាករជម្រើសជាតិ សុខផេង ភាគច្រើនលេងនៅតំបន់ប្រយុទ្ធដូចបងប្រុសរបស់គេដែរ។

ក្នុងអាជីពជាកីឡាករបាល់ទាត់ លោកបានលេងឲ្យក្រុមជម្រើសជាតិកម្ពុជាចំនួន ៦២ ប្រកួត និងស៊ុតបញ្ចូលទីបានចំនួន ១៥ គ្រាប់៕

ដោយ៖វិកគី

