សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ការងារលើកទី៥ ក្នុងក្របខណ្ឌ CLMTV នៅខេត្តសៀមរាប ស្អែកនេះ

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ ការងារលើកទី៥ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលកម្មវិធីនេះត្រូវបានរៀបចំនៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។

បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន បានប្តេជ្ញារួមគ្នាក្នុងការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ តាមរយៈការចេញសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ឆ្នាំ២០០៧ និងបានចេញឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាឆ្នាំ២០១៧។

ទោះបីជាមានលិខិតូបករណ៍អាស៊ាន និងបទដ្ឋានអន្តរជាតិក៏ដោយ រដ្ឋជាសមាជិកបានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានគតិយុត្ត នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីធានាថាសិទ្ធិ ផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លែថ្នូរ របស់ពលករទេសន្ដរប្រវេសន៍ត្រូវបានធានា ក្នុងនោះប្រទេសជាសមាជិកបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាច្រើន។ ជាក់ស្តែងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ក្នុងក្របខណ្ឌ CLMTV ត្រូវបានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៥ នៅប្រទេសថៃ ស្របតាមស្ថានភាពជាក់ស្ដែង នៃតម្រូវការប្រទេសទាំង៥នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស