សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​៖​ សេចក្តីព្រាងច្បាប់​សំណង់ ​ដែល​រដ្ឋសភា​កំពុង​សិក្សា​នឹង​ជំរុញ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់តែ​រីក​ចម្រើន​

(​ភ្នំពេញ)​៖​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​ ដែល​រដ្ឋសភា​កំពុង​ពិនិត្យ​សិក្សា​ នឹង​ក្លាយជា​ច្បាប់​ដ៏​មាន​សារៈសំខាន់​ ជា​បទដ្ឋាន​គតិ​យុ​ត្ត​ថ្មី​ បន្ថែម​លើ​អ្វី​ដែល​មាន​ស្រាប់​ ក្នុង​ការ​ជំរុញ​វិស័យ​សំណង់​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​ គោរព​តាម​បទដ្ឋាន​បច្ចេកទេស​ សុវត្ថិភាព​ សោភ័ណ​ភាព​ និង​បរិស្ថាន​។​

​សម្តេច​បាន​គូសបញ្ជាក់​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​ តាក់តែង​ឡើង​ក្នុង​បរិបទ​វិស័យ​សំណង់​ មានការ​រីក​ដុះដាល​កាន់តែ​ច្រើន​ មាន​លក្ខណៈ​កាន់តែ​ធំ​ កាន់តែ​ខ្ពស់​។​ ជា​ពិសេស​ក្នុង​ពេល​ដែល​វិស័យ​សំណង់​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ចជាតិ​ឲ្យ​រឹង​មាំ​ និង​មាន​និរន្ត​ភាព​ ក្នុង​ចំណោម​វិស័យ​ផ្សេង​ទៀត​ ដែល​មាន​ដូច​ជា​ ទេសចរណ៍​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ និង​កសិកម្ម​ ជាដើម​។​

សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ដូច្នេះ​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ពិធី​បើក​សិក្ខាសាលា​ស្តី​ពី​ការ​ឈ្វេងយល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ សំណង់​ ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ឋា​ម​ពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៅ​វិមាន​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​។​

​រដ្ឋសភា​បាន​ទទួលយក​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង​ តាម​សំណើ​របស់​រាជរដ្ឋាភិបាល​មក​ពិនិត្យ​សិក្សា​ដោយ​បាន​ប្រគល់​សេចក្តីព្រាងច្បាប់​នេះ​ ដល់​គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ឋា​ម​ពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ដែល​មាន​ លោក​ជំទាវ​ និ​ន​ សា​ផុ​ន​ ជា​ប្រធាន​ ពិនិត្យ​សិក្សា​។​ សិក្ខាសាលា​ដែល​រៀបចំ​នា​ពេល​នេះ​ ជា​វេទិកា​មួយ​ ដើម្បី​ទទួលយក​មតិយោបល់​ ពី​មជ្ឈដ្ឋាន​នានា​ដើម្បី​ជា​ធាតុ​ចូល​ ដែល​អាច​ធ្វើ​ឲ្យ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​នេះ​ មាន​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ​និង​បម្រើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។​

​លោក​ជំទាវ​ និ​ន​ សា​ផុ​ន​ បាន​គូសបញ្ជាក់​ថា​ សេចក្តីព្រាងច្បាប់​នេះ​ បាន​ឆ្លើយ​តប​នឹង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​រៀបចំ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​៨​ ខែមេសា​ឆ្នាំ​២០១១​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​ ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​ កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យ​ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ ជាង​មួយ​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ​ ទុន​វិនិយោគ​វិស័យ​សំណង់​មាន​កំណើនទៀងទាត់​ និង​នៅ​បន្ត​រីក​ចម្រើន​ជា​លំដាប់​ ជា​ពិសេស​ការ​សាង់សង់​សំណង់​ធំៗ​ខ្ពស់​ ដូច​ជា​អគារ​ស្នាក់​នៅ​រួម​ អគារ​លក់ទំនិញ​ ផ្សារ​ទំនើប​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ការិយាល័យ​ សណ្ឋាគារ​ អគារ​ពហុមុខ​ងារ​ សំណង់​ទីក្រុង​រណប​ បុរី​លំនៅ​ឋាន​ ។​ល​។​

​លោក​ជំទាវ​ និ​ន​ សា​ផុ​ន​ បាន​សង្កត់ធ្ងន់​ថា​ សំណង់​កាន់តែ​ធំ​ កាន់តែ​ខ្ពស់​ និង​កាន់តែ​ស្មុគស្មាញ​ កាន់តែ​ទាមទារ​ឲ្យ​មានការ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​បទដ្ឋាន​គតិ​យុ​ត្ត​ បច្ចេកវិទ្យា​ ស្តង់ដារ​ និង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ ដើម្បី​ធានា​ភាពរឹងមាំ​ គុណភាព​ សោ​ភណ្ឌ​ភាព​ និង​ចីរភាព​សំណង់​។​

​សេចក្តីព្រាងច្បាប់​ស្តី​ពី​សំណង់​ មាន​២២​ជំពូក​ និង​១១១​មាត្រា​។​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​លើក​ឡើង​ថា​ សេចក្តីព្រាងច្បាប់​សំណង់​ ត្រូវ​បាន​តាក់តែង​ឡើង​តាំងពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ​ ដោយ​មានការ​ចូលរួម​ផ្តល់​យោបល់​ពី​អ្នកជំនាញ​នៃ​ក្រសួង​ដីធ្លី​ ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ ដឹក​ជ​ញ្ជួ​ន​ និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​។​ សេចក្តីព្រាងច្បាប់​នេះ​ មាន​គោលបំណង​ ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ភាគី​ពាក់ព័ន្ធ​និង​ការ​ប្រតិបត្តិ​ការងារ​ទាំងឡាយ​ ក្នុង​វិស័យ​សំណង់​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ការពារ​ផលប្រយោជន៍​ម្ចាស់​សំណង់​ អ្នក​ប្រើប្រាស់​ និង​សាធារណជន​។​ ចូលរួម​ពង្រឹង​ការ​គ្រប់គ្រង​នគរូបនីយកម្ម​ ដោយ​អភិវឌ្ឍន៍​ទីក្រុង​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​ និង​បរិស្ថាន​ល្អ​សម្រាប់​ការ​រស់នៅ​ប្រកបដោយ​ចីរភាព​ សំដៅ​លើកកម្ពស់​សុខុមាលភាព​សាធារណៈ​ ជាដើម​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​លើកទឹកចិត្ត​ដល់​សិក្ខាសាលា​ធ្វើការ​ផ្លាស់​ប្តូរ​ មតិយោបល់​ និង​អនុសាសន៍​ល្អៗ​ ដើម្បី​ឱ្យ​សេចក្តីព្រាងច្បាប់​នេះ​បម្រើ​ដល់​ផលប្រយោជន៍​សង្គម​ និង​ពលរដ្ឋ​ តាម​រយៈ​ ការ​គ្រប់គ្រង​លើ​ការងារ​ ក្នុង​វិស័យ​សំណង់​ឱ្យ​បាន​ល្អ​ ដើម្បី​ធានា​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​សាធារណៈ​ សុខុមាលភាព​របស់​ពលរដ្ឋ​។​ ធានា​បាន​នូវ​គុណភាព​ សោ​ភ័​ណ្ឌ​ភាព​ និង​បរិស្ថាន​ល្អ​ រក្សា​និង​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ​ និង​បង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន​ ក្នុង​វិស័យ​សំណង់​ដើម្បី​ជំរុញ​ទីផ្សារ​អចលនៈទ្រព្យ​ឱ្យ​កាន់តែ​រីក​ចម្រើន​។​

​សម្តេច​ប្រធានរដ្ឋសភា​ បាន​លើក​ឡើង​ថា​ បើ​និយាយ​អំពី​វិស័យ​សំណង់​ គឺ​គេ​នឹកឃើញ​ដល់​ស្នាដៃ​បុព្វបុរស​ខ្មែរ​ដែល​បាន​កសាង​ ប្រាសាទអង្គរវត្ត​ និង​ប្រាសាទបាយ័ន​ និង​ប្រាសាទ​រាប់រយ​ទៀត​នៅ​ពាសពេញ​ប្រទេស​។​ ស្នាដៃ​ស្ថាបត្យកម្ម​ និង​វិស្វកម្ម​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​ បាន​ល្បីល្បាញ​ពាសពេញ​សកលលោក​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស