ភ្នំពេញ៖ ខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ ដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ខេត្តដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតលើលោកមួយនេះនឹងត្រូវទទួលរៀបចំការប្រកួតកីឡា៣ប្រភេទរួមមានកីឡាទូកក្ដោង កីឡាបាល់ទះលើឆ្នេរខ្សាច់ និងកីឡាប្រណាំងម៉ូតូទឹក។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គ្រប់ការរៀបចំគឺបានត្រៀមរួចរាល់អស់ហើយទាំងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ សណ្ដាប់ធ្នាប់ ដ្បិតកន្លងមកខេត្តព្រះសីហនុ ធ្លាប់ទទួលរៀបចំការប្រកួតកីឡាទាំង ៣ប្រភេទរួចមកហើយ។ ទោះជាយ៉ាងណាឯកឧត្តមមានការព្រួយបារម្ភខ្លះៗជុំវិញអាកាសធាតុ។

តាមកាលវិភាគប្រកួតនៅក្នុងខេត្តព្រះសីហនុ កីឡាទូកក្ដោងនឹងចាប់ផ្ដើមប្រកួតមុនគេពោលគឺនៅថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែឧសភា បន្ទាប់មកកីឡាបាល់ទះលើឆ្នេរខ្សាច់ ចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែឧសភា និងកីឡាម៉ូតូទឹក ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

ដោយ៖ វិកគី

