នាយឧត្តមសេនីយ៍ សៅ សុខា៖ លោកនឹងប្រកាសលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម ប្រសិនបើក្រុមកីឡាបាល់ទាត់កម្ពុជា មិនបានឡើងទៅវគ្គបន្ទាប់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំនេះ

កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរសារមួយនៅលើគណនីហ្វេសប៊ុករបស់លោកឈ្មោះ “G Sao Sokha” ថា “បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុ២២ឆ្នាំ មិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។ ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ។  ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ”។

ឯកឧត្តម សៅ សុខា ក៏បានសរសេរបញ្ជាក់ថា “កិត្តិយសត្រូវផ្សារភ្ជាប់និងការទទួលខុសត្រូវ! បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង១០ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់”។

ពិតណាស់ ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានលះបង់កម្លាំងកាយ កម្លាំងចិត្ត ចំណាយថវិកាជាច្រើន និងបានកៀរគរសប្បុរសជនប្រមូលធនធាន ដើម្បីកសាងសមត្ថភាពដល់កីឡាករក្មេងៗ បង្កើតសាលាបណ្តុះបណ្តាលបាល់ទាត់ ហាត់កីឡាបាល់ទាត់ផង បានរៀនសូត្រ ស្នាក់នៅទីនោះតែម្តង ជាមួយគ្នានោះក៏បានធ្វើតារាងបាល់ទាត់តាមស្តង់ដាទូទាំងប្រទេស ជំរុញបំផុសការលេងកីឡាបាល់ទាត់តាមរាជធានី ខេត្ត ក៏ដូចក្នុងកងរាជអាវុធហត្ថ ។ល។

លើសពីនេះទៀត ចុងឆ្នាំ២០១៨ ឯកឧត្តម សៅ សុខា បានបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់តូរ្យតន្ត្រី MTC125 មួយក្រុមត្រៀមសម្រាប់សម្តែងក្នុងព្រឹត្តិការកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA GAMES ២០២៣ នេះ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានកៀរគរសប្បុរសជន និងចំណាយថវិកាផ្ទាល់ខ្លួន ទិញឧបករណ៍តន្ត្រីទំនើបៗ ជួលគ្រូហ្វឹកហាត់ ធានាការស្នាក់នៅ ការហូប និងបើកប្រាក់ខែដល់គ្រូ និងសិស្សផងដែរ។ សិស្សខ្លះមានជីវភាពខ្វះខាត មានឱកាសមកហ្វឹកហាត់ ពេលគាត់មានចំណេះខាងតន្ត្រីនេះ គាត់បានចេញទៅលេងតាមក្រុមតន្ត្រីផ្សេងៗ រកកម្រៃបានជួយដល់គ្រួសាររបស់គាត់ផងដែរ។ បច្ចុប្បន្ននៅមជ្ឈមណ្ឌលហ្វឹកហាត់តូរ្យតន្ត្រី មានគ្រូចំនួន១៦រូប និងសិស្សចំនួនប្រមាណជា២០០នាក់ ឯកឧត្តម សៅ សុខា បានឧបត្ថម្ភថវិការៀងរាល់ខែ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២