ភ្នំពេញ៖ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ សង្វៀនគុនខ្មែរឆេមពាននឹងមានការប្រកួតគូពិសេសមិត្តភាពគុនខ្មែររវាងកីឡាករ នូ ចៅញ៉ាញ មកពីក្លឹបសុភាន់គុនខ្មែរ ជួបប្រកួតជាមួយកីឡាករសឹ ចាន់ថាព មកពីក្លឹបអេភូថងកីឡា។

គូមិត្តភាពគុនខ្មែរទី២ ជាការជួបគ្នារវាងកីឡាករ សេង សាយ មកពីក្លឹបវិបុលដារិទ្ធខណ្ឌពោធន៍សែនជ័យ ប៉ះជាមួយកីឡាករឃឹម ថន មកពីក្លឹបជ្រៃសែនខេត្តកំពុងស្ពឺ។
គូពិសេសមិត្តភាពគុនខ្មែរអន្តរជាតិកីឡាករអេលីត ប៊ុនតុង មកពីនាយកដ្ឋានអង្គរក្ស ប៉ះជាមួយអ្នកលេងជើងខ្លាំង គិតិផន ប៉មឿងអីប៊ុន មកពីប្រទេសថៃ ។ហើយកីឡាករជើងខ្លាំងដែលគេផ្តល់រហ័សនាមឱ្យថាមនុស្សស្ពាន់ ធន់ អៀងឡៃ មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទជួបប្រកួតជាមួយ ខារិទ្ធ ចាំប៉ាន មកពីប្រទេសឡាវ។
ហើយគូពិសេសអន្តរជាតិចុងក្រោយគឺជាការជួបគ្នារវាងកីឡាករ ធន់ ចាន់តាក មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ត្រូវប្រកួតតទល់ជាមួយកីឡាករអូលីកសាន់ថ្មី របស់ប្រទេសអ៊ុយក្រែន ។
កម្មវិធីប្រកួតប្រដាល់គុនខ្មែរ នៅលើសង្វៀនគុនខ្មែរឆេមពាននេះដែរនឹងមានការផ្សាយជូនទស្សនា ដោយស្ថានីយ៍ទូរទស្សន៍ថោន និងនៅលើទំព័រហ្វេសប៊ុកផេក TOWN FULL HDTV និងTown Sports ចាប់ពីវេលាម៉ោង១១ព្រឹកតទៅ ៕
ដោយ៖វីកគី

