បន្ទាប់ពីសម្រេចបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ពីភាពជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ កាលពីពេលថ្មីៗកន្លងទៅនេះ នៅសល់តែរយៈពេល១២ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងបើកនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតលើវិស័យកីឡា ដោយការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។


អ្វីដែលនឹងទទួលបានពីភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាម្តងទៀតនេះ មិនមែនត្រឹមតែជាការទទួលស្គាល់ពីពិភពលោក ចំពោះសមត្ថភាពរបស់កម្ពុជាក្នុងការដឹកនាំ និងគ្រប់គ្រងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែជាការទាញអារម្មណ៍បន្ថែមឲ្យពិភពលោកយល់កាន់តែច្បាស់ពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់ដល់ជនដែលមានពិការភាព។


កន្លងមកកម្ពុជាធ្លាប់បានហែលឆ្លងទុក្ខលំបាក និងភាពខ្ទេចខ្ទាំដោយសារភ្លើងសង្រ្គាម ដូច្នេះកម្ពុជាពិតជាយល់ច្បាស់ណាស់ពីទុក្ខវេទនារបស់ជន ដែលមានពិការភាព។ ដើម្បីបញ្ជៀសឲ្យខាងតែបាននូវទុក្ខវេទនានេះ កម្ពុជាបានខិតខំអស់ពីកម្លាំងកាយ និងចិត្ត ក្នុងការកសាងសន្តិភាព និងការពារនូវអត្ថិភាពនៃសន្តិភាពឲ្យខាងតែបាន ដើម្បីបង្កើតមុខមាត់ថ្មីមួយ ដែលជាក្តីសង្ឃឹមសម្រាប់មនុស្សគ្រប់គ្នា៕


