រដ្ឋបាលរាជធានីភ្នំពេញ ប្រជុំរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ដើម្បីធានាបានសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋមកកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

លោក ឃួង ស្រេង បានអះអាងពីការរឹតបណ្តឹង សន្តិសុខសណ្តាប់ធ្នាប់យ៉ាងតឹងរឹងជាទីបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី១០-១១-១២ ខែវិច្ឆិកាខាងមុខនេះ ដោយមានការពង្រាយកម្លំាងដើរល្បាត និងដាក់បុស្តិ៍ឈរជើងការពារ២៤ម៉ោង លើ២៤ម៉ោង ជុំវិញបរិវេណប្រារព្ធពិធី និងក្រៅបរិវេណកន្លែងប្រារព្ធពិធី។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីផែនការការពារ និងគ្រប់គ្រងសណ្តាប់ធ្នាប់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក ជាមួយមន្រ្តីជំនាញក្រោមឱវាទ សាលារាជធានីភ្នំពេញនេះ លោកអភិបាល បានបញ្ជាក់ថា ការរៀបចំផែនការការពារ និងកម្លំាងការពារសន្តិសុខនេះ គឺដើម្បីរៀបចំជាមុនក្នុងការគ្រប់គ្រងស្ថានការណ៍បទល្មើស ការបង្កចលាចល និងឧប្បទ្ទវហេតុគ្រោះថ្នាក់ផ្សេងៗ នៅក្នុងកន្លែងប្រារព្ធព្រះរាជពិធី ខណៈដែលព្រះរាជពិធីបុណ្យនេះ មានមនុស្សចូលរួមច្រើនងាយប្រឈម ភាពងាយរងគ្រោះថ្នាក់កើតឡើងច្រើនជាយថាហេតុ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីធានាឲ្យព្រះរាជពិធីបុណ្យនេះ បានប្រព្រឹត្តទៅ ដោយរលូនប្រកបដោយភាពសប្បាយរីករាយ ផែនការរបស់រាជធានីភ្នំពេញ ក៏បានរៀបចំជាគណៈកម្មការជាច្រើនទៀត ដូចជាការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ គ្រប់គ្រងកន្លែងចំណតទូក និងក្រុមកីឡាករ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ តំបន់សប្បាយភាព និង គណៈកម្មការ ផ្សេងៗទៀត។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក និងរៀបចំខួបអនុស្សាវរីយ៍ លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញនាពេលដ៏ខ្លីខាងមុខនេះ។

លោក ឃួង ស្រេង បានគូសថ្លែងថា ការការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងឱកាសបុណ្យជាតិនេះ ជាបញ្ហាត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងកម្រិតទប់ស្កាត់ពួកឧទ្ទាមក្រៅច្បាប់ ដែលមានបំណងប៉ុនប៉ងបំផ្លាញ ភាពសុខសាន្តរបស់ប្រជាពលរដ្ឋយើង និងបំផ្លាញសន្តិភាព ការអភិវឌ្ឍដែលប្រជាពលរដ្ឋ យើងកំពុងមាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន តែទោះបីយ៉ាងណាយើងត្រូវពង្រឹង សន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ក្នុងឱកាសបុណ្យខាងមុខនេះ។

សូមបញ្ជាក់ថា តាមការរំពឹងទុកឆ្នាំនេះ នៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក នឹងមានទូកង ទូកមួង ចូលរួមប្រណាំងជាច្រើននៅដងទន្លេសាបរាជធានីភ្នំពេញ ស្ថិតក្រោមម្លប់សុខសន្តិភាព និងស្ថេរភាពនយោបាយល្អ របស់រាជរដ្ឋាភិបាលកម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស