ភ្នំពេញ ៖ កម្មវិធីប្រដាល់គុនខ្មែរលំដាប់អន្តរជាតិ នាថ្ងៃអាទិត្យទី ២៥ ខែមិថុនា ឆ្នាំ ២០២៣នេះនឹងនាំមកនូវវត្តមានកីឡាករជើងខ្លាំង និងល្បីៗទាំងកីឡាករជាតិ និងអន្តរជាតិជាច្រើនរូបឡើងមកប្រកួតសាកកណ្តាប់ដៃគ្នានៅលើសង្វៀនម៉ាសហ្វៃរបស់ស្ថានីយទូរទស្សន៍ថោនដើម្បីចង់ដឹងថា តើអ្នកណាខ្លះជាជើងខ្លាំងនៅលើសង្វៀននាចុងសប្តាហ៍នេះ។


កីឡាករដែលត្រូវឡើងប្រកួតនៅលើសង្វៀនម៉ាសហ្វៃចុងសប្តាហ៍នេះរួមមាន៖ គូពិសេសគុនខ្មែរទី ១ ការប្រកួតប្រាំទឹកមួយទឹកមានរយៈពេលបីនាទីគឺជាការជួបគ្នារវាងកីឡាករនៅ វណ្ណថន មកពីក្លឹបសុភាពគុនខ្មែរ ប៉ះជាមួយកីឡាករ ថោង ចន្ទ្រា មកពីក្លឹបបញ្ជាការដ្ឋានទ័ពពិសេស ។ គូពិសេសទី ២គឺជាការជួបគ្នារវាង កីឡាករ ប៉ាយ រតនា មកពីក្លឹបអេភូថងកីឡា ប៉ះជាមួយកីឡាករ សារឿន ទិត្យ ដែលមកពីក្លឹបជ្រៃសែនជ័យ។ ការប្រកួតគូពិសេសទីបីគឺជាការជួបគ្នារវាងកីឡាករខាំ ខ្លារៀម មកពីក្លឹបមហិទ្ធិរិទ្ធមេសរថ្ងក ប៉ះជាមួយនឹងកីឡាករ សឿន តាស មកពីក្លឹបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ។


ចំណែកឯការប្រកួតគូមិត្តភាពអន្តរជាតិបីទឹកវិញគឺកីឡាករអេលីត សេងទ្រី មកពីក្លឹបនាយកដ្ឋានអង្គរក្ស និងត្រូវប្រកួតជាមួយកីឡាករ ស៊ីផាយ៉ាក ប្រះគិតយីម ជាកីឡាករជើងខ្លាំងមកពីប្រទេសថៃ។


ក្នុងនោះក៏មានជំនួបប្រកួតបែបម៉ាសហ្វៃមួយទឹក ៩ នាទី រវាងកីឡាករគុនខ្មែរសោម ពិសិដ្ឋ មកពីក្លឹបអេប៊ូថងកីឡា ត្រូវប៉ះជាមួយកីឡាករអាម៉ារូ សាហ្វីប៊ីន មកពីប្រទេសម៉ាឡេស៊ី។ ចំពោះជំនួបគូឯកចុងក្រោយគឺកីឡាករអេលីត ភក្តី នឹងត្រូវប្រកួតជាមួយកីឡាករផាយ៉ាក កាំម៉ារ៉ូន មកពីប្រទេសថៃក្នុងការប្រកួតប្រភេទទម្ងន់ ៦៥ គីឡូក្រាមដូចគ្នាផងដែរ។

ដូច្នេះសូមបងប្អូនកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា នៅថ្ងៃអាទិត្យី២៥ ខែមិថុនា ឆ្នាំ២០២៣ កម្មវិធីនឹងចាប់ផ្តើមពីម៉ោង ៣ រសៀលតទៅ នៅស្ថានីយ៍ទូរទស្សន៍ថោន ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV និងនៅលើទំព័រ facebook TOWN FULL HDTV & Town Sports ផងដែរ៕
ដោយ៖ វិកគី

