ដឹងតែកក្រើកសង្វៀនគុនខ្មែរឆេមពានហើយ! កីឡាករជើងខ្លាំងថៃ៣រូប ណាត់ជួបកីឡាករជើងខ្លាំងកម្ពុជាដើម្បីសាកកណ្តាប់គ្នាយកឈ្នះចាញ់ នាចុងសប្តាហ៍នេះ

ភ្នំពេញ ៖ ការប្រកួតប្រដាល់គុនខ្មែរមិត្តភាពជាតិ និងអន្តរជាតិនៅលើសង្វៀនគុនខ្មែរឆេមពាន នាថ្ងៃអាទិត្យថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ចុងសប្តាហ៍នេះនឹងចាប់ផ្តើមពីម៉ោង ១១ព្រឹកតទៅ ដែលប្រមូលផ្ដុំ សុទ្ធសឹងតែជាកីឡាករល្បីៗមកសាកកណ្ដាប់ដៃគ្នានៅលើសង្វៀននេះ។

ក្នុងនោះមានជំនួបប្រកួតគុនខ្មែរ ៣ ទឹករវាងកីឡាករហ៊ឹម តុងហាន់មកពីក្លឹបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ ប្រកួតជាមួយនឹងមិត្ត រំលី មកពីក្លឹបសុភាពគុនខ្មែរប្រកួតប្រភេទទម្ងន់ ៤៨ គីឡូក្រាម។ គូពិសេសគុនខ្មែរទី ២ លឹម សំរិទ្ធ មកពីក្លឹបនាយកដ្ឋានអង្គរក្ស ប្រកួតប៉ះជាមួយមាស ណាគីម មកពីកងចក្ររាជសី ប្រកួតប្រភេទទម្ងន់ ៥១ គីឡូក្រាម។

ចំពោះការប្រកួតគូមិត្តភាពអន្តរជាតិប្រាំទឹកវិញ គូទី១គឺជាការជួបគ្នារវាងកីឡាករ សូដា សូរសែង ជួបប្រកួតជាមួយកីឡាករឆ្លងដែនមកពីប្រទេសថៃ ភេថាន់ វ៉ា វស៊ុងនឿន។ គូរមិត្តភាពអន្តរជាតិទី ២ កីឡាករគុនខ្មែរផាន ផាន់ណាត មកពីក្លឹបបញ្ជាការដ្ឋានទ័ពពិសេសប្រកួតជាមួយនឹងកីឡាករ យោះត ភេស៊ីតអាជើន ដេង មកពីប្រទេសថៃ។

ចំណែកឯការប្រកួតគូពិសេសមិត្តភាពអន្តរជាតិចុងក្រោយគឺជាការជួបគ្នារវាងកីឡាករ ប៊ុន សុធា ជួបប្រកួតជាមួយនឹងកីឡាករជើងខ្លាំងមកពីប្រទេសថៃ ខាថាធេប ឃួនខ្វាយ។

សូមបងប្អូន ដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ រង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅស្ថានីយទូរទស្សន៍ថោនហ្វួលអ៊ិចឌីធីវី ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ជាមួយគ្នានេះ ក៏មានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន និង facebook page Town Sports ផងដែរ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២