ភ្នំពេញ ៖ ការប្រកួតប្រដាល់គុនខ្មែរនាចុងសប្តាហ៍នេះ នៅលើសង្វៀនម៉ាសហ្វៃ មានចំនួន៦គូ ដោយក្នុងនោះមានការប្រកួតគុនខ្មែរប្រាំទឹកក្នុងមួយទឹកប្រាំនាទីចំនួន ៣ គូ ។ហើយការប្រកួតគូគុនខ្មែរមិត្តភាពអន្តរជាតិ ៣ទឹក ក្នុងមួយទឹកមានរយៈពេលបីនាទីចំនួនមួយគូ និងការប្រកួតគូមិត្តភាពអន្តរជាតិលក្ខណៈ ម៉ាសហ្វៃ មួយទឹក ៩នាទីមានចំនួន ៣គូ ដែលសុទ្ធសឹងតែជាកីឡាករជើងខ្លាំងធ្លាប់ឡើងអង្រន់លើសង្វៀនគុនខ្មែរឱ្យកក្រើក និងផ្ទុះការគាំទ្រពីមហាជនដែលស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរជាច្រើនលើកមកហើយ។


ក្នុងនោះសម្រាប់ការប្រកួតគុនខ្មែរ ៥ ទឹកក្នុងមួយទឹកមានរយៈពេល ៣ នាទី គូទី១គឺជាការជួបគ្នារវាងកីឡាករ សី សៅនឿន មកពីក្លឹបសរសីគុនខ្មែរ ប្រកួតជាមួយកីឡាករ ឌុន ខ្លាតូច មកពីក្លឹបអេពូថងកីឡា។ គូពិសេសទីពីរកីឡាករ សៅ សេងហុង មកពីក្លឹបឃ្លាំងមឿងកីឡា ជួបប្រកួតជាមួយកីឡាករឈុំ ឈាង មកពីក្លឹបអរុណរះកីឡា ។ សម្រាប់ការប្រកួតគូទី៣ កីឡាករហេង សុភ័ក្រ្ត ប៉ះប្រកួតជាមួយនឹងកីឡាករឡូញ វ៉ាន់ឌី ប្រកួតក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។


រីឯការប្រកួតគូមិត្តភាពអន្តរជាតិបីទឹកគឺជាការជួបគ្នារវាងកីឡាការិនីទួន ស្រីភីន មកពីក្លឹបមហិទ្ធរិទ្ធមេសថ្ងកគុនខ្មែរ ប៉ះប្រកួតជាមួយកីឡាការិនីឆ្លងដែនមកពីប្រទេសថៃ ហ៊ុងថង លាងប្រាសេត។

ចំពោះការប្រកួតលក្ខណៈម៉ាស់ហ្វៃមួយទឹក ៩ នាទីវិញ ជាការជួបគ្នារវាងកីឡាករហឹម សេរី នឹងត្រូវជួបប្រកួតជាមួយកីឡាករថៃ ចាវឃុនមួនម៉ាយ ណស៊ីផឹង។

ដោយឡែក ចំពោះគូឯកចុងក្រោយគឺកីឡាកររឿង សោភ័ណ្ឌ មកពីក្លឹបរបស់ម្កុដរាជសី ត្រូវជួបប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសអ៊ីតាលី គ្រីស ស្កុប ប្រកួតក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម។

ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី ២ ខែកក្កដា ឆ្នាំ ២០២៣ កម្មវិធីនឹងចាប់ផ្តើមពីវេលាម៉ោង ៣ រសៀលតទៅនៅស្ថានីយទូរទស្សន៍ TOWN FULL HDTV ដែលមានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។បងប្អូនអាចចូលរួមទស្សនាដោយសេរី និងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន និងនៅលើទំព័រហ្វេសបុក Town Sportsផងដែរ ៕
ដោយ៖វិកគី

