ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) បានប្រកួតឈ្នះក្រុមជម្រើសជាតិនារីឡាវ ដោយលទ្ធផល ២-១ នាល្ងាច ថ្ងៃពុធទី៥ ខែកក្ដដា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូណេស៊ីសម្រាប់ការប្រកួតបើកឆាកពានរង្វាន់បាល់ទាត់នារីអាយុក្រោម១៩ឆ្នាំ AFF U19 Women’s Championship លើកទី៣។

ការប្រកួតនៅវគ្គទី១ ទទួលបានគ្រាប់បាល់ចំនួន២គ្រាប់ ដោយនៅនាទី៧ ក្រុមបាល់ទាត់នារីជម្រើសជាតិឡាវបានបើកការនាំមុខកម្ពុជា ០-១ ប៉ុន្តែក្រុមនារីកម្ពុជាបានយកស្មើ ១-១ នៅនាទី២១។ នៅវគ្គទី២ កម្ពុជាបានបើកការនាំមុខឡាវ ២-១ វិញនៅនាទី៦២។ លទ្ធផលនេះរក្សារហូតដល់ចប់ការប្រកួត។

ការប្រកួតបន្ទាប់ ក្រុម U19 នារីកម្ពុជាត្រូវប្រកួតជាមួយទីម័រខាងកើត នៅថ្ងៃទី៧ ខែកក្កដាស្អែកនេះ និងចុងក្រោយជួបម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ។

សូមជម្រាបផងដែរថា មួយរយៈចុងក្រោយកន្លងមកនេះ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាមានការអភិវឌ្ឍរីកចម្រើនឡើងខ្លាំងជាលំដាប់ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ហើយបើនិយាយអំពីសមត្ថភាពរបស់កីឡាការិនីកម្ពុជានាពេលបច្ចុប្បន្ននេះ ក៏មិនចាញ់កីឡាការិនីនៅតាមបណ្ដាប្រទេសអាស៊ានមួយចំនួនដែរ៕
ដោយ៖វិកគី

