កុមារចំនួន៨ នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញក្នុងហេតុការណ៍បាក់ដីមួយនៅក្នុងស្រុក Shangla ភាគខាងជើងប្រទេសប៉ាគីស្ថាន។ ស្នងការរង Shangla លោក Hassan Abid បាននិយាយថា “សាកសពចំនួនប្រាំបី និងក្មេងស្រីដែលរងរបួសត្រូវបានទាញចេញពីគំនរបាក់បែក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។ លោកបានបន្តទៀតថា កុមារទាំងនោះត្រូវបានកប់នៅក្រោមការរអិលបាក់ដីដ៏ធំមួយ ខណៈពេលពួកគេកំពុងលេងកីឡាគ្រីឃីតនៅទីនោះ។
ជាមួយគ្នានេះដែរ នៅក្នុងខេត្ត Punjab នៃប្រទេសប៉ាគីស្ថានក៏មានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល 2 ថ្ងៃជាប់គ្នាកន្លងមកនេះដែរ បានបណ្តាលឲ្យបាក់ដំបូល និងជញ្ជាំង ហើយបណ្តាលឲ្យមនុស្សចំនួន 17 នាក់ស្លាប់ និង 49 នាក់រងរបួស។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានឲ្យដឹងថា ខេត្តបានបន្តមានភ្លៀងធ្លាក់ខ្លាំងពីរថ្ងៃជាប់គ្នារហូតមកដល់ពេលនេះ៕
ប្រភព៖ A News
ប្រែសម្រួលដោយ៖ វាសនា