ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បានបញ្ជាឱ្យខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្តារឡើងវិញទាំងស្រុង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានធ្វើឱ្យមានការបំផ្លិចបំផ្លាញ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 39 នាក់ ដោយសារតែជំនន់ទឹកភ្លៀងនេះ ។ ចំនួនអ្នកស្លាប់នាព្រឹកថ្ងៃច័ន្ទនេះ រួមមានមនុស្ស ចំនួន13 នាក់ ត្រូវបានរកឃើញស្លាប់នៅក្នុងផ្លូវក្រោមដី ដែលជន់លិចនៅក្នុងទីក្រុង Cheongju នៃខេត្ត North Chungcheong ។
លោក Yoon បាននិយាយថា នៅពេលឃើញប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយ។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះ សូមបានទៅកាន់សុគតិភព។លោកYoon ក៏បានសន្យាគាំទ្រសម្រាប់ការងារស្តារឡើងវិញ រួមទាំងការកំណត់តំបន់ ដែលរងផលប៉ះពាល់ជាតំបន់គ្រោះមហន្តរាយពិសេសផង។
ប្រទេសកូរ៉េខាងត្បូង ដែលជាចំណុចកំពូលនៃរដូវខ្យល់មូសុងរដូវក្តៅរបស់ខ្លួន បានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃទី 9 ខែកក្កដាមកម្ល៉េះ។ ភ្លៀងធ្លាក់បានបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីរីករាលដាល ដែលភាគច្រើននៅតំបន់កណ្តាល និងភាគខាងត្បូងរបស់ប្រទេស។ នៅទីក្រុង Cheongju ក្រុមអ្នកជួយសង្គ្រោះបានទាញសាកសពបួននាក់ទៀតចេញពីផ្លូវរូងក្រោមដីមួយយប់ រថយន្ត 16 គ្រឿង រួមទាំងរថយន្តក្រុងមួយត្រូវបានជន់លិចដោយទឹកជំនន់។
លោក Seo Jeong-il ប្រធានផ្នែកពន្លត់អគ្គីភ័យរបស់ទីក្រុងបាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន 9 នាក់ត្រូវបានជួយសង្គ្រោះចេញពីផ្លូវរូងក្រោមដី ហើយថាចំនួនពិតប្រាកដនៃអ្នកដំណើរដែលជាប់នៅក្នុងរថយន្តមិនទាន់ច្បាស់នៅឡើយទេ។
មន្ត្រីពន្លត់អគ្គិភ័យបានប៉ាន់ប្រមាណថា ផ្លូវរូងក្រោមដីពោរពេញដោយទឹកក្នុងរយៈពេលតិចជាងពីរ ឬបីនាទី។ បុគ្គលិកសង្គ្រោះជិត 900 នាក់ រួមទាំងអ្នកមុជទឹក ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដែលរូបថត និងវីដេអូបង្ហាញកម្មករកំពុងបង្កើតបរិវេណ និងបូមទឹកចេញពីផ្លូវរូងក្រោមដី។
នៅទូទាំងប្រទេស ភ្លៀងបានបង្ខំឱ្យមានការជម្លៀសមនុស្សប្រហែល 10 570នាក់ ចេញពីផ្ទះរបស់ពួកគេ ហើយបានធ្វើឱ្យគ្រួសារចំនួន 28,607 គ្មានអគ្គិសនីប្រើប្រាស់៕
ប្រភព៖ Al Jazeera
ប្រែសម្រួលដោយ៖ វាសនា