ពិតជាគំរូល្អមែន ចុះពីលើសង្វៀនមិនទាន់ទេ ព្រំ សំណាង យកប្រាក់រង្វាន់ដែលប្រកួតឈ្នះទៅចែកជូនសិស្សប្អូនរួមក្លឹបជាមួយគ្រប់ៗគ្នា

ភ្នំពេញ៖ កីឡាករព្រំ សំណាង ដែលបងប្អូនស្គាល់ថា ជាជាងកន្ត្រៃមាស និងជាកីឡាករដ៏លេចធ្លោរមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលប្រកួតក្នុងប្រភេទទម្ងន់៧៧គីឡូក្រាមនោះ តែងតែបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍គ្រប់គ្នាពីទឹកចិត្តសប្បុរសធម៌របស់គេទៅលើសិស្សប្អូនរួមក្លឹបជាមួយ។ក្រោយពីក្លាយជាម្ចាស់ខ្សែក្រវ៉ាត់«តេជោសន្តិភាព គុនខ្មែរវើលឆេមពាន»ដោយអមជាមួយទឹកប្រាក់ចំនួន២០លានរៀល នៅសង្វៀនថោនកាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ កីឡាករព្រំ សំណាងបានយកថវិកា ដែលទទួនលបានពីការប្រកួតនោះ ទៅចែកជូនដល់កីឡាករដទៃទៀត ដែលជាសិស្សប្អូនហាត់រួមក្លឹបជាមួយ។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោកគ្រូបឺតខាំ គុនខ្មែរ បានបញ្ចេញវិដេអូមួយដែលកីឡាករព្រំ សំណាង បានចែករំលែកនូវប្រាក់រង្វាន់ដែលខ្លួនទទួលបានពីការយកឈ្នះកីឡាករនីហ្គីតា មកពីប្រទេសបេឡារូសនៅលើសង្វៀនថោនកាលពីចុងសប្តាហ៍មុននេះ ប្រកបដោយភាពសប្បាយរីករាយ និងជាគំរូដ៏ល្អមួយសម្រាប់កីឡាករដទៃទៀត។

នេះមិនមែនជាលើកទី១ឡើយ ដែលកីឡាករព្រំ សំណាងបានធ្វើរឿងបែបនេះ ជាមួយសិស្សប្អូនដែលហ្វឹកហាត់នៅក្លឹបរួមគ្នាកន្លងមករាល់ពេលដែលរូបគេឡើងប្រកួតលើសង្វៀនធំៗម្តងៗ រូបគេតែងតែចែករំលែកប្រាក់រង្វាន់ជូនគ្រូ និងមិត្តរួមក្រុម ជាពិសេសសិស្សប្អូនដែលហ្វឹកហាត់ប្រដាល់គុនខ្មែរជាមួយដើម្បីបង្កើតភាពស្និតស្នាល និងជាការលើកទឹកចិត្តដល់សិស្សប្អូនឱ្យប្រឹងប្រែងហ្វឹកហាត់ដើម្បីមានឱកាសបានប្រាក់រង្វាន់ច្រើនដូចខ្លួន។

សូមជម្រាបផងដែរថា ព្រំ សំណាង បានទាញយកប្រជាប្រិយភាព ក៏ដូចជាបេះដូងអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរពេញមួយប្រទេស ក្រោយពីរូបគេបានបង្ហាញសមត្ថភាពប្រកួតឈ្នះដៃគូខ្លាំងៗជាច្រើននាក់ ពិសេសគឺការឈ្នះខ្សែក្រវ៉ាត់លើសង្វៀន Thai Fight យ៉ាងកម្រសម្រាប់កីឡាករគុនខ្មែរទៅពីកម្ពុជា និងបន្តឈ្នះនៅក្នុងស្រុកជាមួយកីឡាករអន្តរជាតិខ្លាំងៗជាច្រើនទៀត ។ហើយថ្មីៗនេះ រូបគេក៏ទើបតែក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ក្នុងកម្មវិធីប្រដាល់គុនខ្មែរដ៏ធំមួយ ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍ថោនដណ្តើមខ្សែក្រវាត់«តេជោសន្តិភាព គុនខ្មែរវើលឆេមពាន»អមជាមួយទឹកប្រាក់ចំនួន២០លានរៀល ដែលមានចំនួនអ្នកចូលទស្សនាការផ្សាយផ្ទាល់ក្នុងកម្មវិធីនេះរហូតដល់ទៅជាង៥០០K views៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២