ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលមែន ស្ងាត់ៗកីឡាករសៀង ចន្ធា ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបឹងកេតត្រៀមចេញទៅលេងឱ្យលីគកាតាក្រោមកិច្ចសន្យាខ្ចីជើងពីបឹងកេត។


តាមការឱ្យដឹងពីអ្នកស្រី ពុធ ធីតា ប្រធានក្លឹបបាល់ទាត់បឹងកេត បានបង្ហើបឱ្យដឹងថា សៀង ចន្ធា ពុំបានមក Pre-season នៅថៃនោះទេ ព្រោះត្រូវត្រៀមចេញទៅលេងនៅលីគកាតារក្រោមកិច្ចសន្យាខ្ចីពីបឹងកេត។សៀង ចន្ធា នឹងចេញដំណើរនៅថ្ងៃទី២២ ខែកក្កដានេះ ដើម្បីឱ្យទាន់ដំណើរ Pre-season របស់ក្លឹបថ្មី នៅកាតារដែលត្រូវចេញទៅ Pre-Season នៅអឺរ៉ុប។

លោកស្រីប្រធានក្លឹបបឹងកេតបានបញ្ជាក់ថា មានក្លឹបនៅប្រទេសកាតាបានចរចារត្រូវគ្នាអស់ហើយសម្រាប់លក្ខខណ្ឌខ្ចីជើងយុវជនឆ្នើម សៀង ចន្ធា ពីក្លឹបបឹងកេតនេះ ។ ក្នុងនោះផងដែរអ្នកស្រីក៏បានឱ្យដឹងថា ក្លឹបបាល់ទាត់បឹងកេត ប្រឹងប្រែងជួយសម្រួលគ្រប់បែបយ៉ាងធ្វើយ៉ាងណាដើម្បីឱ្យតែ ចន្ធា ទទួលបានឱកាសទៅលេងក្រៅប្រទេស ដោយមិនគិតពីអត្ថប្រយោជន៍ក្លឹបជាធំនោះទេ បើទោះបី ចន្ធា ជាគ្រាប់ពេជ្រសម្រាប់ក្លឹបនាបច្ចុប្បន្នក៏ដោយ គឺធ្វើយ៉ាងណាជំរុញឱ្យកីឡាករវ័យក្មេងរបស់ខ្លួនដើម្បីទទួលបាននូវបទពិសោធន៍ថ្មីនៅក្នុងអាជីព ក៏ដូចជាសម្រាប់មុខមាត់ ប្រទេសជាតិកម្ពុជា និង ជាគំរូមួយសម្រាប់យុវជនផ្សេងទៀតថា បើគាត់ខំប្រឹងប្រែងហ្វឹកហាត់ពួកគាត់ក៏មានឱកាសគេមើលឃើញកីឡាករខ្មែរទៅលេងនៅលីគក្រៅប្រទេសបាន ។

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើលមែនទែនដែលសៀង ចន្ធាជាកីឡាករកម្ពុជាដំបូងគេ ដែលបានទៅប្រកបអាជីពនៅប្រទេសដែលរីកចម្រើនក្នុងវិស័យបាល់ទាត់នៅតំបន់អាស៊ី ដែលទើបតែបានទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ពិភពលោក FIFA World Cup ២០២២ កន្លងទៅនោះគឺ ប្រទេសកាតា៕

ដោយ៖វិកគី

