សង្វៀនឆេមពានចុងសប្តាហ៍នេះដឹងតែកក្រើកទៀតហើយ ព្រោះសុទ្ធតែជាកំពូលអ្នកលេងកណ្តាប់ដៃ កែងពិឃាដ ជង្គង់ហោះ និងរន្ទះជើងរញ្ជួយធរណី

ភ្នំពេញ ៖ ការប្រកួតប្រដាល់គុនខ្មែរនៅលើសង្វៀនឆេមពាន ដែលបានធ្វើឡើងជារៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង ១១ ព្រឹកតទៅ នៅស្ថានីយទូរទស្សន៍ថោននោះ កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរនេះ។នៅក្នុងសប្តាហ៍នេះគឺកាន់តែពិសេសជាងសប្តាហ៍មុនៗទៅទៀត ទាំងកីឡាករជាតិ និងអន្តរជាតិ ដែលនឹងត្រូវឡើងប្រកួតនៅលើសង្វៀនគឺត្រូវបានជ្រើសរើស និងចាប់គូយ៉ាងសម្រិតសម្រាំងបំផុត ដែលសុទ្ធសឹងតែជាអ្នកលេងកណ្តាប់ដៃ កេងពិឃាដ ជង្គង់ហោះ និងរន្ទះជើងរញ្ជួយធរណី។បងប្អូនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរប្រាកដជាមិនខកបំណងឡើយនាថ្ងៃអាទិត្យចុងសប្តាហ៍។

ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរនៅលើសង្វៀនឆេមពាន នាថ្ងៃអាទិត្យទី ៦ ខែសីហា ឆ្នាំ២០២៣នេះគឺមានការប្រកួតគូរពិសេសៗជាច្រើនគូផងដែរ។ដោយក្នុងនោះ គូពិសេសទី ១ គឺជាការជួបគ្នារវាងកីឡាកររិន សំណាង មកពីក្លឹបសាលវ័ន្តកីឡា ប៉ះជាមួយនឹងឡុង ភិគុន មកពីក្លឹបខ្លាឲ្យខឹងមានរិទ្ធ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។ គូពិសេសគុនខ្មែរទី២ វាយ ៥ទឹក ក្នុងមួយទឹកមានរយៈពេលបីនាទី ជាការជួបគ្នារវាងកីឡាករសៅ សេងហុង ប៉ះជាមួយកីឡាករមិត្ត ចាន់មើយ មកពីក្លឹបសុភាពគុនខ្មែរក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាមដូចគ្នា។

ចំណែកឯការប្រកួតគូពិសេសគុនខ្មែរទី ៣ គីឡាករ ប៉ែនកាក់ អាទិទេព ប៉ះជាមួយនឹងកីឡាករពេជ្រ ម្ទេសតូច មកពីក្លឹបអរុណរះកីឡា ប្រកួតក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។

បើក្រឡេកមកមើលការប្រកួតគូមិត្តភាពអន្តរជាតិខ្មែរថៃវិញគឺកីឡាការិនី សី វិច្ឆិកា នឹងត្រូវជួបសាក់កណ្ដាប់ដៃជាមួយកីឡាការិនីថៃ ណងនេន យ៉តថានុង ក្នុងប្រភេទទម្ងន់ ៥៣ គីឡូក្រាម ហើយកីឡាករជើងខ្លាំង វ៉ាន់ វឿន មកពីក្លឹបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ នឹងជួបប្រកួតជាមួយកីឡាករថៃ ពីរម៉ៃ លាងប្រាសេត ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។

ក្នុងព្រឹត្តិការណ៍ប្រកួតអស្ចារ្យនេះ ទស្សនិកជនអាចចូលរួមទស្សនាការប្រកួតដោយសេរីនៅស្ថានីយទូរទស្សន៍ថោន ដែលមានទីតាំងនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែ រាជធានីភ្នំពេញ។ជាមួយគ្នានេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍Town Full HDTVក៏ដូចជាទំព័រ facebook Town Sports ផងដែរ ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២