ថ្មីចែស! សង្វៀនជើងឯកថ្នាលគុនខ្មែរ​ ដឹងតែប្លែកភ្នែកទៀតហើយ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

ភ្នំពេញ៖ ក្រោយពីជោគជ័យក្នុងការរៀបចំសង្វៀនប្រកួតប្រដាល់គុនខ្មែរលំដាប់អន្តរជាតិជាច្រើនរួចមកហើយនោះ បានធ្វើឱ្យមហាជនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងសង្វៀនថ្ងៃចុងសប្តាហ៍សៅរ៍ អាទិត្យ និងទាំងការប្រកួតលើសង្វៀន៨ទិសនៅតាមបណ្តាខេត្តនានា ឥឡូវនេះស្ថានីយ៍ទូរទស្សន៍ថោនបានបង្កើតកម្មវិធីប្រដាល់គុនខ្មែរថ្មីមួយទៀត ដែលមានឈ្មោះថា«ជើងឯកថ្នាលគុនខ្មែរ»ដើម្បីលើកទឹកចិត្តដល់កីឡាករថ្នាលយុវជនគុនខ្មែរ ដែលខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់នៅតាមបណ្តាក្លឹបជាច្រើនក្នុងស្រុក។

ការបង្កើតកម្មវិធីនេះឡើងដើម្បីលើកទឹកចិត្តដល់កីឡាករថ្នាលយុវជនគុនខ្មែរវ័យក្មេងឱ្យបានឡើងប្រកួតរាងរាល់សប្តាហ៍ ដូចទៅនឹងកីឡាកររៀមច្បងអាជីពផងដែរ។ ដោយកម្មវិធីមានការចូលរួមសហការពីដៃគូឧបត្ថមនានា និងទទួលបានការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងដែរ។

ចំពោះការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង១៧ ដល់១៩ល្ងាច នៅស្ថានីយ៍ទូរទស្សន៍ថោន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ហើយកីឡាករដែលនឹងត្រូវចូលរួមប្រកួតនៅថ្ងៃព្រហស្សតិ៍សប្តាហ៍នេះ មានដូចជា៖ កីឡាករវេត ឧត្តម ប្រកួតជាមួយផានិត ចៅប្រាក់ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។ ពេជ្រ សោភ័ណ្ឌ ប៉ះជាមួយ អូន ស៊ីនួន។ ខាំ ខ្លាពៅ ជួបប្រកួតជាមួយ ចាន់គឹមហ័រ ។ កីឡាកររិទ្ទី វីរៈ មកសាកកណ្តាប់ដៃជាមួយឈាង គឹមអាង ។ គូពិសេសចុងក្រោយកីឡាករ ឃន មហិទ្ធិឬទ្ធិ ប៉ះជាមួយសៅយ៉ាន់ វិសាល ប្រកួតក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២