ក្នុងខែកក្កដា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៧៣,៧៦ ប៊ីលានរៀល (ប្រមាណជា ២៤០,៤៣ លានដុល្លារ) ស្មើនឹង ៦,៧៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើសរុបរយៈពេល ៧ខែ ដើមឆ្នាំ២០២៣នេះគឺចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩ ៣៦៧៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីសប្តាហ៍មុននេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៧៣,៧៦ ប៊ីលានរៀល (ប្រមាណជា ២៤០,៤៣ លានដុល្លារ) ស្មើនឹង ៦,៧៣% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ សរុបរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែល ប្រមូលបានមានចំនួន ៩ ៣៦៧៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានលើកឡើងទៀតថា ទោះបីជាការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនៅបន្ត រក្សាបានសញ្ញាវិជ្ជមានក៏ដោយ ក៏បញ្ហានៃភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់ ដល់បណ្តាប្រទេសដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធមិនបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងពិសេស មូលដ្ឋានក្នុងការព្យាករណ៍ផែនការសម្រាប់ឆ្នាំបន្ទាប់៕

ដោយ៖ ឧត្តម

