ភ្នំពេញ ៖ អ្នកគាំទ្របាល់ទាត់កម្ពុជាពិសេសអ្នកគាំទ្ររបស់កីឡាករទេស សម្បត្តិបានបង្ហោះសារនិយាយអំពីកីឡាករទេសម្បត្តិខណៈដែលរយៈពេលចុងក្រោយនេះ ទេស សម្បត្តិហាក់បីដូចជាមានភាពស្ងប់ស្ងាត់នៅក្នុងការប្រកួត ហើយមិនមានឈ្មោះនៅក្នុងជម្រើសជាតិទាល់តែសោះ។


បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីរាយនាមកីឡាករជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនាថ្ងៃទី 7 និងថ្ងៃទី 11 ខែកញ្ញាឆ្នាំ 2023នោះមក បានធ្វើឲ្យមហាជនមួយចំនួនបាននឹករឭកដល់កីឡាករ ទេស សម្បត្តិ ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករឆ្នើម ជាខ្សែការពាររបស់ក្លឹបបាល់ទាត់វិសាខា។ហើយអ្នកគាំទ្រមួយចំនួន ក៏បាននិយាយថា ចាប់តាំងពីកីឡាកររូបនេះចាកចេញពីក្លឹបបឹងកេតមក ហាក់បីដូចជាមិនសូវលេចធ្លោដូចមុន ហើយមានភាពស្ងប់ស្ងាត់ជាងមុន សូម្បីតែជម្រើសជាតិក៏មិនសូវមានឈ្មោះជាប់នៅក្នុងបញ្ជីប្រកួតដូចមុនច្រើនដែរ។


ឆ្លើយតបទៅកាន់អ្នកគាំទ្រតាមរយៈ Town News កីឡាករទេស សម្បត្តិ បានបង្ហាញនូវអារម្មណ៍សោកស្ដាយជាខ្លាំង ដែលមិនមានឈ្មោះនៅក្នុងបញ្ជីជម្រើសជាតិ ប៉ុន្តែនេះជារឿងធម្មតារបស់បាល់ទាត់ដោយសារតែខ្លួនគេផ្ទាល់មានរបួសរ៉ាំរ៉ៃកន្លងមក។ទេស សម្បត្តិ បានបញ្ជាក់ថា កាលដែលរូបគេមានភាពស្ងប់ស្ងាត់ ដោយសារតែកន្លងមករូបគេធ្លាប់មានបញ្ហារបួសកំឡុងពេលប្រកួតមិត្តភាពជាមួយក្រុមបឹងកេត ហើយបន្ទាប់មកទៀតរូបគេក៏បានចូលរួមជាមួយនឹងក្រុមទៅកាន់ប្រទេសថៃ ហើយក៏មានបញ្ហារបួសនៅពេលនោះ ដូច្នេះត្រូវការពេលវេលាដើម្បីព្យាបាលជាងមួយខែ ស្របពេលដែលការចាប់ផ្ដើមបើករដូវកាលលីគចូលមកដល់ ។


បញ្ហារបួសនេះបានធ្វើឲ្យរូបគេមិនអាចចូលរួមជាមួយនឹងក្រុម ទើបធ្វើឲ្យរូបគេមិនមានឈ្មោះនៅក្នុងបញ្ជីជម្រើសជាតិដើម្បីចូលរួមប្រកួតលក្ខណៈមិត្តភាពអន្តរជាតិចំនួនពីរប្រកួត នៅដើមខែកញ្ញាខាងមុខនេះ។ជាមួយគ្នានេះ ទេស សម្បត្តិ ក៏បានសន្យាថា រូបគេនឹងខិតខំប្រឹងប្រែងព្យាបាលរបួសឱ្យឆាប់បានជាសះស្បើយ ដើម្បីបានត្រឡប់មកដូចដើមវិញក្នុងពេលឆាប់ៗ ដើម្បីបានចូលរួមប្រកួតបន្តទៀត ។ហើយរូបគេក៏បានអរគុណទៅកាន់អ្នកគាំទ្រគ្រប់រូប ដែលតែងតែស្រឡាញ់និងគាំទ្ររូបគេរហូតមក។


សូមជម្រាបផងដែរថា កីឡាករទេស សម្បត្តិ ជាអតីតយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមបឹងកេត បច្ចុប្បន្ននេះរូបគេជាសមាជិករបស់ក្លឹបវិសាខា ។កន្លងមកកីឡាកររូបនេះ ធ្លាប់បានជាប់ជម្រើសជាតិស្ទើរតែគ្រប់ឈុតតែម្ដង ហើយក៏ធ្លាប់មានក្លឹបនៅលីគថៃទាក់ទងចង់បានរូបគេចូលរួមជាមួយក្លឹបរបស់គេផងដែរ៕

ដោយ៖ វិកគី

