ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ សាំងបានចុះថ្លៃ៥០រៀល ខណៈប្រេងម៉ាស៊ូតបានឡើងថ្លៃ ៥០រៀលថែមទៀត។ ដូច្នេះ តម្លៃប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤,៦០០រៀល និងប្រេងម៉ាស៊ូតត្រូវលក់ ៤,៧៥០រៀលក្នុង១លីត្រ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នឹងត្រូវលក់ ៤.៨៧០រៀល ក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.០២០រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូតDO50ppm។

ពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤សេនដុល្លារដដែល នៅក្នុង១លីត្រផងដែរ។

ដូច្នេះបានធ្វើឱ្យថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើ សម្រាប់ប្រេងសាំងធម្មតា ត្រូវដាក់លក់ក្នុងតម្លៃ ៤.៦០០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត ៤.៧៥០រៀលក្នុង១លីត្រ៕

ដោយ៖ វិសាល