(មានវីដេអូ) សិស្សរបាំ សួគ៌ នីសា ៖ ការបាត់បង់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដូចបាត់បេះដូងមួយចំហៀង

(ភ្នំពេញ) ៖ និស្សិតឆ្នាំទី៤ ផ្នែករបាំបុរាណ នៅសាកលវិទ្យាលយ័ ភូមិន្ទវិចិត្រសិល្បះ កញ្ញា សួគ៌ នីសា បានឲ្យដឹងថាកញ្ញាសោកស្ដាយចំពោះការបាត់បង់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ហើយមិនមែនមានតែនាងតែម្នាក់នោះទេ សិស្សទាំងអស់ រួមទាំងលោកគ្រូអ្នកគ្រូ សុទ្ធតែសោកស្ដាយចំពោះការបាត់បង់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ។

កញ្ញា សួគ៌ នីសា និយាយថា«ការបាត់បង់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដូចបាត់បេះដូងមួយចំហៀង តែយ៉ាងណាពួកខ្ញុំនឹងខិតខំថែរក្សា និងមរតដែលទ្រង់បានផ្ដល់ឲ្យពួកខ្ញុំទៅថ្ងៃមុខបន្តទៀត»។

សូមជម្រាបថា ជាដំណឹងគួរឲ្យសោកស្តាយ និងទុក្ខជាក្រៀមក្រំបំផុត សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយ​ទិវង្គត​ ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។

សូមរំលឹកថាសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។ សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕  

សិស្សរបាំ សួគ៌ នីសា ៖ ការបាត់បង់សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដូចបាត់បេះដូងមួយចំហៀង

Posted by Town News on Monday, November 18, 2019

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២